2025-02-03 10:22
5

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តគ្រោងនឹងអភិវឌ្ឍន៍តាមដងស្ទឹងព្រែកត្នោត ដើម្បីឱ្យមានភាពប្រណិត សោភ័ណភាព ស្រស់បំព្រង និងភាពទាក់ទាញ ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ជាតិ អន្តរជាតិក្នុងខេត្តមកកំសាន្តលេងសប្បាយឲ្យបានកាន់តែច្រើនឡើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ចូលរួមជាមួយរដ្ឋបាលខេត្តដើម្បីធ្វើការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធថ្មីនេះ ឱ្យបានសម្រេចយតាមការគ្រោងទុក។ 

«ផ្អែកតាមតួរលេខរបស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺក្នុងឆ្នាំ២០២៤ មានភ្ញៀវទេសចរណ៍មកកំសាន្តក្នុងខេត្តកំពង់ស្ពឺមានចំនួនប្រមាណជា ១ លាន ៥ សែននាក់ ហើយក្នុងឆ្នាំ២០២៥ នេះ រំពឹងថានឹងកើនឡើងប្រមាណជា ២ លាននាក់»។ 

នេះបើតាមលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងនាឱកាសបានអញ្ជើញជាអធិបតីភាព ក្នុងពិធីស្រោចស្រពសុគន្ធវារីប្រគេនព្រះចៅអធិការ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលាមួយខ្នងនិងសមិទ្ធផលនានា ក្នុងវត្តសំពៅក្នុងក្រុងសង្កាត់ច្បារមន ក្រុងច្បារមនខេត្តកំពង់ស្ពឺនាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៥។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដាស់តឿនទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមអនុវត្តឲ្យខានតែបាននូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពគ្មានក្មេងទំនើង គ្មានគ្រឿង គ្មានល្បែងស៊ីសងខុសច្បាប់ គ្មានអំពើជួញដូរមនុស្ស និងកុមារគ្រប់ប្រភេទនៅតាមមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ។

លោកបណ្ឌិតអភិបាលខេត្តក៏បានបន្តឲ្យដឹងផងដែលថា៖ «សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន និយាយដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ សម្រេចបានសមិទ្ធផលជាច្រើនគួជាទីមោទនៈទាំងពុទ្ធចក្រ និងអាណាចក្ររីកដុះដាលដូចផ្សិតនាប៉ុន្មានឆ្នាំចុងក្រោយនេះ  ក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យខេត្តកំពង់ស្ពឺ មានអ្នកវិនិយោគទុនមកបណ្ដាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពិសេសលើវិស័យកាត់ដេរសំលៀកបំពាក់កាបូប ស្បែកជើង និងសម្ភារៈផ្សេងៗជាច្រើនទៀត។ 

សូមបញ្ជាក់ថា ភូមិសាស្ត្រខេត្តកំពង់ស្ពឺ សព្វថ្ងៃនេះកំពុងមានសក្តានុពលយ៉ាងខ្លាំងទាក់ទាញអ្នកវិយោគចូលមកបណ្តាក់ទន់ជាន្តបន្ទាប់ បង្កើតការងារជូនប្រជាពលរដ្ឋរាប់សែនកន្លែង តាមរយៈការបង្កើតរោងចក្រ សហគ្រាស និងដំណាំកសិឧស្សាហកម្មផ្សេងៗ ដោយឡែកវិស័យចរណ៍ ខេត្តមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនផងដែរ៕