ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង្សជូន ណារ៉ុន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសជូន លោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត អំពីដំណើរការការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ឡើងវិញ បន្ទាប់ពីបានប្រកាសផ្អាកកាលពីខែមុន។
លោកឧបនាយកដ្ឋមន្ត្រី បានជម្រាប លោក លោកស្រីជាប្រធានមន្ទីរអប់រំនៅទូទាំងប្រទេសថា៖ «នៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំនៃការប្រឡងនៅឆ្នាំសិក្សា ២០២៣-២០២៤។
ក្រសួងនឹងចេញសេចក្តីណែនាំបច្ចេកទេស សម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី-ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥»។
សូមរំឭកថា កាលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចេញលិខិតផ្ញើទៅកាន់ប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ដោយបានបញ្ជាក់ថា៖ «ក្រសួងអប់រំ យុវជន និងកីឡា ផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទឹកចិត្តឱ្យរាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី-ខេត្ត លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ទៅតាមពេលវេលាសមស្របណាមួយ តាមមុខវិជ្ជា តាមកម្រិតថ្នាក់ និងផ្តល់រង្វាន់ដល់ជ័យលាភីសិស្សពូកែប្រចាំរាជធានី-ខេត្ត តាមលទ្ធភាព និងស្ថានភាពជាក់ស្តែងនៃរាជធានី-ខេត្តនីមួយៗ»។
ក្រោយពីក្រសួងអប់រំ បានប្រកាសផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស បានធ្វើឱ្យមហាជនមានរិះគន់យ៉ាងខ្លាំង និងបានធ្វើឱ្យសិស្សានុសិស្សដែលបានខិតខំរៀន ដើម្បីត្រៀមខ្លួនចូលរួមបញ្ចេញសមត្ថភាពតាមរយៈការប្រឡងសិស្សពូកែនេះ បានការខកចិត្ត។ លុះមកទៀតក្រសួងបានធ្វើបានធ្វើការកែប្រែភ្លាមៗ ដោយប្រកាសឱ្យមានការរៀបចំប្រឡងសិស្សពូកែនៅទូទាំងប្រទេសឡើងវិញតែម្តង។
សូមបញ្ជាក់ថា ការប្រឡងសិស្សពូកែទូទាំងប្រទេស មានប្រវត្តិចាប់ផ្តើមដំបូងកាលពីឆ្នាំ១៩៨៦ ដោយគ្រានោះ គឺជាការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសាស្រ្តខ្មែរ និងគណិតវិទ្យា។
លុះដល់ឆ្នាំ១៩៩៦ ត្រូវបានផ្អាកដោយសារជួបការលំបាកខាងផ្នែកបច្ចេកទេស ជាពិសេសខ្វះខាតខាងផ្នែកថវិកា។ នៅឆ្នាំ១៩៩៧ សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ និងគណិតវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឡើងវិញ ដោយប្រសិទ្ធនាមថា «ពានរង្វាន់សម្តេច ហ៊ុន សែន និងលោកជំទាវ»។
ក្រោមមកទៀត ក្រសួងអប់រំ យុវជន និងកីឡា បានកែលម្អការងារប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសដោយបន្ថែម មុខវិជ្ជារូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ លើមុខវិទ្យាអក្សសាស្ត្រខ្មែរ និងគណិតវិទ្យា។
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ១៣៧ អនក្រ.បក ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ស្តីពី ការផ្ដល់រង្វាន់ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងផ្នែករូបវិទ្យា ដែលជាការកំណត់ប្រាក់រង្វាន់សម្រាប់បេក្ខជនជ័យលាភីសិស្សពូកែទូទាំងប្រទេស៕