2025-02-03 10:26
5

ព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារ ថ្ងៃអាទិត្យ ០៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ចុះពិនិត្យទីតាំងស្ថានីយបុរាណវិទ្យាមួយកន្លែងដែលទើបនឹងរកឃើញថ្មី និងវឌ្ឍនភាពការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង នៅរមណីយដ្ឋានប្រាសាទព្រះវិហារ។

ការចុះពិនិត្យទីតាំងបុរាណវិទ្យាថ្មីនេះ ដឹកនាំដោយលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្ដីបច្ចេកទេស នៃរមណីយដ្ឋានប្រាសាទព្រះវិហារ ស្ថិតនៅក្នុងភូមិចំនួនពីរ គឺភូមិបង្គោលប្រាំបី និងភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ និងពិនិត្យវឌ្ឍនភាពការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រងស្ថិតក្នុងតំបន់ការពារទី២ នៃរមណីយដ្ឋានប្រាសាទព្រះវិហារ។

ក្រោយពីពិនិត្យ និងតាមដានវឌ្ឍនភាពការងាររួច លោកអគ្គនាយកអាជ្ញាធរព្រះវិហារ បានផ្ដល់អនុសាសន៍ឱ្យមន្រ្ដីបច្ចេកទេសបន្ដស្រាវជ្រាវរកស្ថានីយ៍បុរាណវិទ្យាបន្ថែមទៀត ដែលស្ថិតនៅក្នុងតំបន់ការពាររបស់អាជ្ញាធរជាតិព្រះវិហារ និងយកចិត្ដទុកដាក់លើការងារស្រាវជ្រាវបុរាណវិទ្យានិងអភិរក្សប្រាសាទអង្គ្រង៕