2025-02-03 10:34
4

ភ្នំពេញ៖ មន្ត្រីនគរបាលចំនួន ០២ រូប បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពព្រះកុសមៈកម្ពុជា ចិន បន្ទាប់ត្រូវក្រុមក្មេងទំនើងបើកម៉ូតូបំបុក បណ្តាលឱ្យដួលពេញបំពេញប្រតិបត្តិការបង្ក្រាបក្រុមក្មេងពាលទាំងនោះ ដេញកាប់ចាក់គ្នា។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៣និង១៥នាទី រសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះនៅម្តុំជិតវត្តគោកបញ្ជាន់ ក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១, ចោមចៅទី២ និងចោមចៅទី៣ ចុះបង្រ្កាបករណីក្មេងទំនើងបង្កហិង្សា ហើយក្រុមក្មេងទំនើងបានព្យាយាមជិះម៉ូតូរត់គេចខ្លួនពីការចាប់របស់សមត្ថកិច្ចនគរបាល។ 

ក្រោយនគរបាលដេញតាមទាន់ និងស្ទាក់ផ្លូវស្រាប់តែពួកគេជិះម៉ូតូបំបុកម៉ូតូរបស់នគរបាលពេញមួយទំហឹង បណ្ដាលឲ្យដួលរងរបួសធ្ងន់ មន្ត្រីនគរបាលចំនួន ០២ នាក់។ សមត្ថកិច្ចក៏បង្ក្រាបបានបក្សពួកក្រុមក្មេងទំនើងជាច្រើននាក់ផងដែរ។

តាមប្រភពបានបញ្ជាក់ថា មន្ត្រីនគរបាលដែលរងគ្រោះបម្រើការងារនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី១ ម្នាក់មានតួនាទីជានាយរងប៉ុស្តិ៍ និងម្នាក់ទៀតជាមន្រ្តី រីឯក្រុមក្មេងទំនើងម្នាក់ក៏បានរងរបួសធ្ងន់ដូចគ្នា។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្មេងទំនើង១ក្រុម បានធ្វើសកម្មភាពវាយកាប់ចាក់គ្នាបង្កភាពអនាធិបតេយ្យនៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ រួចក៏បានគេចខ្លួនបាត់។ 

លុះដល់ព្រឹកថ្ងៃទី០២ ខែកុម្ភៈ នគរបាលបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាច្បាស់លាស់ ក៏បានសហការគ្នាចុះទៅធ្វើការបង្រ្កាប ត្រូវក្មេងទំនើងដឹងខ្លួនមុននាំគ្នាជិះម៉ូតូរត់គេច និងបានបំបុកម៉ូតូនគរបាលបណ្ដាលឲ្យនគរបាលតែម្តង។

ក្រោយមានហេតុការណ៍ខាងលើ នគរបាលបានបានបន្ថែមកម្លាំងដេញតាមនិងឡោមព័ទ្ធក្រុមនេះ រហូតឈានដល់ការឃាត់ខ្លួនក្មេងទំនើងបានជាច្រើននាក់ នាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យតាមនិតិវិធី៕