ភ្នំពេញ៖ ក្នុងជនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជាមួយសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពល ដើម្បីអាចជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ»។
ជំនួបរវាង ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជាមួយសាស្ត្រាចារ្យ Wendy Umberger បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ថ្នាក់ដឹកនាំ និងក្រុមការងារ (ACIAR) ក្នុងការពិនិត្យលទ្ធភាពចូលរួមចំណែកក្នុងវិស័យកសិកម្មកម្ពុជា និងបន្តពង្រឹងកិច្ចការសហប្រតិបត្តិការនេះឱ្យកាន់តែរលូន ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) ក្នុងការសិក្សាបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល និងថាមពលកកើតឡើងវិញ ឥណទានកាបូន និងធ្យូងជីវៈជាដើម ដោយធ្វើយ៉ាងណាមានទិន្នន័យច្បាស់លាស់និងអាចអនុវត្តបានពិតប្រាកដ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក្រសួងកសិកម្មបានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាចកាត់បន្ថយថ្លៃដើមផលិត ផលិតតាមតម្រូវការទីផ្សារ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចហើយ (ACIAR) អាចពិនិត្យលទ្ធភាពចូលរួមក្នុងការវិនិយោគលើកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ប្រជាកសិករ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងផ្សាភ្ជាប់គម្រោងនានាជួយដល់សហគមន៍កសិកម្មទំនើបនេះផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ថា៖ «កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ក្នុងការផលិតធាតុចូលកសិកម្ម ចំណីសត្វគ្រប់ប្រភេទ ការវិនិយោគលើថាមពលដើម្បីអាចជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ ជាពិសេសការវិនិយោគលើការសិក្សាស្រាវជ្រាវគ្រប់អនុវិស័យដូចជា ផលិតកម្មសត្វ វារីវប្បកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានាចាំបាច់»។
ពាក់ព័ន្ធនឹងការងារគម្រោង ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានលើកទឹកចិត្តដល់ក្រុមការងារ (ACIAR) បន្តកិច្ចសហប្រតិបត្តិការឱ្យតែល្អបន្ថែមទៀតជាមួយក្រសួងកសិកម្ម សំដៅផ្តល់ផលប្រយោជន៍ និងផលចំនេញសេដ្ឋកិច្ចដល់ប្រជាកសិករ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕