រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុន ដើម្បីសុខភាព និងលើកស្ទួយវិស័យទេសចរណ៍ ដែលអត្តពលិកទាំងខ្មែរ បរទេសជាង ៤០០ នាក់ បានចូលរួមនិងបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងនោះអត្តពលិកចំនួន ០៩ នាក់ ទទួលបានមេដាយមាស មេដាយប្រាក់ចំនួន ០៨ នាក់ និងមេដាយសំរឹទ្ធចំនួន ០៣ នាក់ សរុបចំនួន ២០ នាក់។
ព្រឹត្តិការណ៍រត់នេះបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ដោយមានអត្តពលិកទាំងខ្មែរ បរទេសរហូតជាង ៤០០ នាក់ បានចូលរួមក្រោមវត្តមាន ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ។
មុនការចាប់ផ្តើម ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងថា៖ «ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុននាពេលនេះ គឺក្នុងគោលបំណងដើម្បីសុខភាព និងលើកស្ទួយវិស័យទេសចរណ៍ នៅក្នុងខេត្តរតនគិរីតែម្តង»។
នៅក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងអំណរគុណដល់មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ និងជនបរទេសផងដែរ ដែលបានចូលរួមរត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុននាថ្ងៃនេះ។
ទាំងនេះបានបង្ហាញឱ្យឃើញពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់មុខមាត់ខេត្ត សុខសុវត្ថិភាព និងទាក់ទាញភ្ញៀវទេសចរ តាមរយៈការផ្ដិតយករូបភាពជាច្រើនពីខេត្តរតនគិរី និងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ។
ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុន នាពេលនេះ ក៏បានឆ្លុះបញ្ចាំងពីការលើកកម្ពស់នៃការរស់នៅប្រកបដោយសុខុមាលភាព និងជួយលើកស្ទួយដល់វិស័យទេសចរណ៍ដោយបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតនៃខេត្តរតនគិរីផងដែរ។
សូមបញ្ជាក់ថា អត្តពលិកទាំងបានធ្វើការរត់ក្នុងចម្ងាយផ្លូវ ២១ គីឡូម៉ែត្រ ដោយចំណុចចាប់ផ្តើមពីវាលរំប្លង់ (វាលថ្មដារ) ស្រុកអូរជុំ មកដល់រមណីយដ្ឋានបឹងកន្សែងក្នុងក្រុងបានលុង និងរត់៤ជុំបន្ថែមទៀតមករកទីព្រ័ត្រនៅចំណុចរូបសំណាកគ្រួសារដំរី។
ហើយជ័យលាភីនាឱកាសនេះ អត្តពលិកចំនួន ០៩ នាក់ ទទួលបានមេដាយមាស មេដាយប្រាក់ ០៨ នាក់ និងមេដាយសំរឹទ្ធ ០៣នាក់ សរុប ២០នាក់៕