2025-02-03 14:09
10

កាលពីពេលថ្មីៗនេះ តាមរយៈលោក អោក ហៃ មន្រ្តីកិច្ចសន្យា (ឆ្មាំ) ប្រចាំការនៅស្រុកកំពង់លែង បាននាំយកបំណែកព្រះពុទ្ធប្រក់នាគធ្វើពីថ្មភក់ មានកម្ពស់៣១.២ ស.ម ទទឹង៣៦.៩ ស.ម និងកម្រាស់១៧.១ស.ម សម័យអង្គរមានប្រភពដើមមកពីវត្តមានគុណ ហៅវត្តត្របែក ស្ថិតក្នុងភូមិ ត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ 

វត្ថុបុរាណខាងលើនេះត្រូវបានព្រះចៅអធិការវត្តមានគុណ ហៅវត្តត្របែកប្រគល់មកឱ្យឆ្មាំយកមកដាក់ក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីថែរក្សានិងតាំងបង្ហាញជូនសាធារណជនចូលទស្សនា និងសិក្សាឈ្វេងយល់ពីតម្លៃនៃប្រវត្តិសាស្រ្ត វប្បធម៌ដែលត្រូវបានបន្សល់ទុកដោយដូនតាយើង។ 

លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងបានលើកឡើងថា ក្រោយពីបានទទួល-ប្រគល់វត្ថុបុរាណ ជាបំណែកបដិមាព្រះពុទ្ធប្រក់នាគមក សារមន្ទីរខេត្តកំពង់ឆ្នាំង នឹងធ្វើការអភិរក្សក្រៅពីជួសជុល រៀបចំចុះបញ្ជីសារពើភណ្ឌ និងបញ្ចូលក្នុងប្រព័ន្ធទិន្នន័យរបស់សារមន្ទីរជាតិ និងដាក់តាំងបង្ហាញជូនសាធារណជនចូលទស្សនាសិក្សាស្វែងយល់។ ក្រៅពីនេះ សារមន្ទីរខេត្តកំពង់ឆ្នាំង ក៏សិក្សាបន្ថែមលើទីតាំងប្រភពដើមសមុច្ច័យមួយនេះបន្តទៀត៕