2025-02-03 17:47
32

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនប្រជាជន នៅមណ្ឌលសុខភាពកំបូល រាជធានីភ្នំពេញ ដោយមិនជូនដំណឹងជាមុនឡើយ។ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ «មណ្ឌលសុខភាព ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបម្រើសេវាសុខភាពបឋម នៅក្នុងមូលដ្ឋាន»

ក្នុងដំណើរចុះពិនិត្យ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថា នៅមណ្ឌលសុខភាពកំបូល បុគ្គលិកមកបំពេញការងារគ្រប់ៗគ្នា និងប្រជាពលរដ្ឋមកប្រើប្រាស់សេវាច្រើន។ មណ្ឌលសុខភាព មានផ្តល់សេវា ពិនិត្យជំងឺទូទៅ កុមារ មនុស្សធំ លាងរបួស វះកាត់តូច និងសម្ភព ព្រមទាំងសកម្មភាពចុះសិក្សាស្រាវជ្រាវរបស់អង្គការដៃគូ ពិនិត្យវាយតម្លៃគុណភាព និងការបម្រើសេវាជូនប្រជាជន នៅក្នុងតំបន់ រោងចក្រ សហគ្រាស។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ បានសួរសុខក្រុមគ្រួសារអ្នកជំងឺ និងទទួលបានព័ត៌មានត្រឡប់ ដែលបានសំដែងនូវការពេញចិត្ត ពីការបម្រើសេវាប្រកបដោយគុណភាព យកចិត្តទុកដាក់ បុគ្គលិករួសរាយរាក់ទាក់ និងឥរិយាបថល្អ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណ ដល់បុគ្គលិកនៃមណ្ឌលសុខភាព ដែលបានលះបង់កម្លាំងកាយ និងបានណែនាំឱ្យបន្តខិតខំបម្រើសេវាសុខភាពបឋម ជូនប្រជាជននៅក្នុងមូលដ្ឋាន ដោយត្រូវបង្កើនកិច្ចសហ​ការ ជាមួយមណ្ឌលសុខភាពជុំវិញ និងមន្ទីរពេទ្យដែលត្រូវបញ្ជូនអ្នកជំងឺបន្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំដល់ មណ្ឌលសុខភាព ត្រូវយកចិត្តទុកដាក់បម្រើសេវាថែទាំសុខភាពជូនប្រជាជន ប្រកបដោយសេចក្តីអាណិតស្រឡាញ់ ក្តីមេត្តាករុណា និងត្រូវពង្រឹងសមត្ថភាពបន្ថែម កសាងទំនុកចិត្ត ភាពជឿជាក់ជូនដល់ប្រជាពលរដ្ឋ ដោយឈរលើគោលជំហរ គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សមធម៌ និងនិរន្តរភាព៕