ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលជួបស្វាគមន៍និងពិភាក្សាការងារជាមួយក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីននីហ្សេរីយ៉ា នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។
គួរជម្រាបជូនថា ប្រទេសសាធារណរដ្ឋសហពន្ធ័នីហ្សេរីយ៉ា ស្ថិតនៅតំបន់ទ្វីបអាហ្វ្រីក ជាប្រទេសមានផ្ទៃដីធំជាង៩សែនគីឡូម៉ែត្រក្រឡា មានប្រជាជនជាង២៣០លាននាក់ ជាប្រទេសមានប្រជាជនច្រើនជាងនៅទ្វីបអាហ្វ្រីក និងជាប្រទេសទី៦នៃប្រជាជនច្រើនជាងគេលើពិភពលោក។
ក្នុងដំណើរទស្សនកិច្ចមកកាន់អង្គភាពស៊ីម៉ាក់នៅថ្ងៃនេះ គណៈប្រតិភូ នីហ្សេរីយ៉ា មានបំណងស្វែងយល់ពីសមត្ថភាពដ៏រឹងមាំរបស់ប្រទេសកម្ពុជាក្នុងវិស័យសកម្មភាពមីន ដែលមានបទពិសោធន៍ជាង៣ទស្សវត្សរ៍ក្នុងការបោសសម្អាតមីន រួមជាមួយការចែករំលែកបទពិសោធន៍ និងវគ្គបណ្តុះបណ្តាលវិស័យសកម្មភាពមីនដល់ប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមផងដែរ។
គួររំលឹកផងដែរថា ប្រទេសនីហ្សេរីយ៉ា មានបញ្ហាគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមដោយសារសង្គ្រាមផ្ទុះឡើងនៅឆ្នាំ១៩៦៧ដល់ឆ្នាំ១៩៧០និងបន្តមានជម្លោះសង្គ្រាមប្រដាប់អាវុធផ្ទៃក្នុងរហូតមកដល់បច្ចុប្បន្ននេះ។ នៅឆ្នាំ២០១៨ តបតាមសំណើរបស់ប្រទេសនេហ្សេរីយ៉ាអង្គការសហប្រជាជាតិ (UN) បានចាត់បញ្ជូនអ្នកជំនាញបច្ចកទេសមីន(UNMAS) ទៅជួយ ហើយបានស្នើសុំបញ្ចប់ការបោសសម្អាតមីនត្រឹមចុងឆ្នាំ២០២៥។ ប៉ុន្តែបញ្ចប់ត្រឹមឆ្នាំ២០២៥មិនបានទេ សូម្បីតែការព្យាយាមបង្កើតអង្គភាពជាតិបោសសម្អាតមីនដូចអង្គភាពស៊ីម៉ាក់ជាង៥ឆ្នាំហើយកន្លងមកហើយ ក៏បង្កើតមិនបានផង។ ដោយឃើញសភាពការណ៍បែបនេះ រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការJICA ក៏ចូលរួមអន្តរាគមន៍ជួយរដ្ឋាភិបាលនីហ្សេរីយ៉ា និងជំរុញមកសិក្សាពីបទពិសោធ័ននៅកម្ពុជា។ តាមព័ត៌មានស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថាមានប្រជាពលរដ្ឋនីហ្សេរីយ៉ា ចំនួនប្រមាណ៨.៣លាននាក់កំពុងទទួលរងការគំរាមកំហែងដោយសារគ្រាប់មីន/សំណល់យុទ្ធភណ្ឌសង្គ្រាម និងមានផ្ទៃដីមានបញ្ហាគ្រាប់មីនមានចំនួប្រមាណ៩៣០០គីឡូម៉ែត្រក្រឡា។
បន្ទាប់ពីជំនួបពិភាក្សាការងារ គណៈប្រតិភូនីហ្សេរីយ៉ានឹងបន្តចូលរួមសិក្ខាសាលារួមគ្នាដោយមានវាគ្មិនមកចូលរួមមកពីអាជ្ញាធរមីន អង្គភាពស៊ីម៉ាក់ អង្គការ JICA អង្គការUNDP អង្គការ NPA មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ក្នុងការផ្លាស់ប្តូរចំណេះដឹង ដោយផ្តោតលើដំណើរជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងសមត្ថភាពសកម្មភាពមីនជាតិរបស់ខ្លួន៕