ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា៖ «សត្វផ្សោតជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃសម្រាប់កម្ពុជា និងសម្រាប់ជីវៈចម្រុះពិភពលោក។ បច្ចុប្បន្ននេះ សត្វផ្សោតនៅកម្ពុជាមានចំនួនប្រមាណ ១០៥ ក្បាល ដែលរស់នៅទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាពិសេសនៅតំបន់អភិរក្សព្រែកកាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ជាកន្លែងទេសចរណ៍សត្វផ្សោតដ៏សំខាន់ ហើយមួយថ្ងៃៗ មានទេសចរជាតិ និងអន្តរជាតិបានអញ្ជើញទៅទស្សនាកម្សាន្ត ដែលផ្តល់នូវការងារ និងចំណូលជូនដល់សហគមន៍មូលដ្ឋាន»។
ខេត្តក្រចេះ មានទីតាំងទេសចរណ៍ប្រកបដោយសក្តានុពលជាច្រើន ដូចជាអន្លង់សត្វផ្សោតព្រែកកាំពី ស្ថិតក្នុងស្រុកចិត្របុរី, រមណីយដ្ឋានឆ្នេរខ្សាច់វត្ដសសរ១០០ ដែលស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ, តំបន់សហគមន៍ទេសចរណ៍សហគមន៍កោះទ្រង់ ក្នុងក្រុងក្រចេះ, រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី។ ជាមួយគ្នានេះ ខេត្តក្រចេះក៏មាននូវផលិតផលសំខាន់ៗទាក់ទាញភ្ញៀវទេសចរផងដែរដូចជាក្រឡានថ្មគ្រែ, ក្រូចថ្លុងកោះទ្រង់ ប៉ិកួៈនៅស្រុកឆ្លូង និងមុខម្ហូបពីត្រីនៃទន្លេមេគង្គផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា សូមកោតសរសើររដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្ត និងគណៈកម្មការគ្រប់គ្រងរមណីយដ្ឋាននានា និងសហគមន៍ទេសចរណ៍សហគមន៍ដែលបានចូលរួមរៀបចំពង្រឹងករធ្វើបដិសណ្ឋារកិច្ចភ្ញៀវឱ្យបានល្អប្រសើ, បម្រើសេវាកម្មជូនភ្ញៀវឱ្យបានល្អ, រៀបចំបញ្ជីមុខម្ហូប និងកំណត់តម្លៃឱ្យបានត្រឹមត្រូវ, រក្សាអនាម័យក្នុង និងជុំវិញបរិវេនអាជីវកម្មរបស់ខ្លួន, រក្សាសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនភ្ញៀវបានល្អ៕