បន្ទាយមានជ័យ៖ ក្រោយមានករណីមនុស្សលោតសម្រាប់ខ្លួនពីលើអគារ កាស៉ីណូ យីហោ «ក្រោន រីសត» ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលនាយកដ្ឋានចារកម្ម ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ដោយ លោក លុយ ទីហូរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើការស្រាវជ្រាវជុំវិញករណីនេះ រហូតឈានដល់ចាប់ខ្លួនបានជនសង្ស័យ ចំនួន ០៥ នាក់។
ជាលទ្ធផលនៃការស៊ើបអង្កេតបឋម បានបង្ហាញថា មុនកើតហេតុមានជនរងគ្រោះម្នាក់ មានឈ្មោះ PID NHARTONO ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិឥណ្ទូនេស៉ី ជាបុគ្គលិកកាស៉ីណូក្រោនរីសត បានមានជម្លោះទាស់ទែងគ្នាជាមួយមិត្តរួមការងារ ក្នុងកាស៉ីណូ ទើបបង្កឲ្យមានហឹង្សាកើតឡើង ហើយជនរងគ្រោះ បានរត់គេចខ្លួនតាមបង្អួចជាន់ទី៣ នៃអគារកាស៉ីណូ ទើបបណ្តាលឲ្យធ្លាក់ស្លាប់បាត់បង់ជីវិតតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យជនជនជាតិឥណ្ធូនេស៉ី ចំនួន ០៥ នាក់ យកមកសួរនាំ រួមមាន៖ ១- ឈ្មោះ TOMMY FEBRY MAHULETTE ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី (ជនដៃដល់), ២- ឈ្មោះ HUDLANTO ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី, ៣- ឈ្មោះ៖ GERY CAHYADI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី, ៤- ឈ្មោះ NICO ANDREAS ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី និងទី៥- ឈ្មោះ WIRIANI ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថា «ពួកគេពិតជាមានជម្លោះ និងបានប្រើអំពើហិង្សាជាមួយជនរងគ្រោះខាងលើពិតប្រាកដមែន»។
នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បានកំពុងសួរនាំបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕