2025-02-03 17:30
23

ភ្នំពេញ៖ កម្ពុជា និងម៉ាឡេស៊ី បានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំ​ពុល​បរិយាកាសដោយសំណល់ប្លាស្ទិក។ គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ បានធ្វើឡើង នៅក្នុងឱកាសជំនួបរវាង ឯកឧត្តមបណ្ឌិត អ៊ាង ​សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ONN Shaharuddin ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នាថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះប្រទេសម៉ាឡេស៊ី និងប្រជាពល​រដ្ឋ ម៉ាឡេស៊ីទាំងអស់ ដែលបានយកចិត្តទុកដាក់រួមគ្នា សំអាតនូវប្រភពបំពុលទៅក្នុងបរិយាកាស សម្រាប់តំបន់និង​សម្រាប់មនុស្សជាតិ។ 

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យការឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុសកល តាមរយៈការកាត់បន្ថយ ការប្រើប្រាស់ ថង់ប្លាស្ទិក និងការទប់ស្កាត់ ការបង្ហូរសំរាមប្លាស្ទិកទៅក្នុងទឹក និងនៅលើដី រួមទាំងក្នុងបរិយាកាស។ នៅក្នុងផងនោះ គឺសំរាមប្លា​ស្ទិកនេះឯង ហើយសកម្មភាពរួមគ្នា របស់ប្រទេសទាំង២ នឹងធ្វើឱ្យតំបន់​អាស៊ានរបស់យើងមានភាពស្អាត មានសោភ័ណភាព លើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយនូវជំងឺដង្កាត់នានា ជាពិសេស ទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកកម្សាន្ត នៅតាមរបៀងទេសចរណ៍ ផ្សារភ្ជាប់ពីប្រទេសមួយ ទៅប្រទេសមួយទៀតនៅក្នុងតំបន់។ 

ស្របនឹងការថ្លែងឡើងនេះ ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានគាំទ្រនឹងរួមចំណែកជាមួយកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីលើកកម្ពស់ វិស័យបរិស្ថាន ឈានឆ្ពោះទៅកាន់ភាពស្អាត ភាពបៃតង ដោយចីរភាព នៅក្នុងតំបន់៕