បរទេស ៖ ដកស្រង់កាចេញផ្សាយតាមគេហទំព័រ ALJAZEERA បានឲ្យដឹងថា ថៃនឹងបង្កើនការនាំចូល ethane របស់អាមេរិកយ៉ាងហោចណាស់ 1 លានតោន ចាប់ផ្តើមពីត្រីមាសទី 2 នៃឆ្នាំនេះ ដើម្បីព្យាយាមកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមមន្ត្រីថៃ។
លោក Pongsarun Assawachaisophon អគ្គលេខាធិការរងរបស់នាយករដ្ឋមន្ត្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា អេតាន មួយលានតោន ដែលជាធាតុចូលដ៏សំខាន់ក្នុងផលិតកម្មផ្លាស្ទិកមានតម្លៃ 200 លានដុល្លារ។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលបានពិភាក្សាជាមួយក្រុមហ៊ុនគីមីឥន្ធនៈដើម្បីបង្កើនការនាំចូល ethane របស់សហរដ្ឋអាមេរិក ដែលនឹងជួយដល់ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកផងដែរ” លោកបានបន្ថែមថារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan នឹងនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃអង្គារនេះ ហូតដល់ថ្ងៃសៅរ៍ ។
ប្រទេសថៃមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំមុនចំនួន $35.4bn នេះបើយោងតាមក្រសួងពាណិជ្ជកម្មរបស់ខ្លួនដែលបានលើកឡើងពីបញ្ហាប្រឈមចំពោះការបង្កើនការនាំចេញរបស់ថៃដោយសារតែគោលនយោបាយពាណិជ្ជកម្មមិនច្បាស់លាស់របស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃក្នុងឆ្នាំ2024 ដែលមានចំនួន 18.3 ភាគរយ នៃការនាំចេញសរុប – ឬ 54.96 ពាន់លានដុល្លារ។