2025-02-17 11:28
44

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងតែសួរទៅកនា់សម្ពន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប អំពីអ្វីដែលប្លុកមួយនេះ ត្រូវការពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីចូលរួមនៅក្នុងការរៀបចំសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន។ 

នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ការផ្ដួចផ្ដើមគោលនយោបាយការបរទេស តាមរយៈការទូត ត្រូវបានផ្ញើទៅកាន់រដ្ឋាភិបាលជាច្រើន នៅតំបន់អឺរ៉ុបកាលពីសប្តាហ៍មុនមានចំនួន ៦ចំណុច និងមានសំណួរថាតើប្រទេសណាខ្លះ អាចរួមចំណែកក្នុងការធានាដោយមានឆន្ទៈដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយសម្រាប់ដំណោះស្រាយសន្តិភាព និងទំហំកងកម្លាំង ដឹកនាំដោយអឺរ៉ុបអាចមានចំនួនប៉ុណ្ណា។

លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើឱ្យសម្ពន្ធមិត្តអឺរ៉ុបភ្ញាក់ផ្អើល កាលពីសប្តាហ៍មុន ក្រោយការហៅទូរស័ព្ទ ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន (Vladimir Putin ) ក្រោយពេលវិមានក្រឹមឡាំង បានបញ្ជាឲ្យកម្លាំងទាហានរុស្ស៊ី ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ 

ប៉ុន្ដែនៅមុនការហៅទូរស័ព្ទនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានពិភាក្សាជាមួយនឹងបណ្ដាមេដឹកនាំអឺរ៉ុប និងអ៊ុយក្រែននោះឡើយ ហើយគាត់បានប្រកាសអំពីការចាប់ផ្តើមចរចាសន្តិភាពភ្លាមៗតែម្ដង។

ស្របគ្នានេះដែរ សារព័ត៌មានជាច្រើនរួមទាំង Reuters បានរាយការណ៍ កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ថា សហរដ្ឋអាមេរិក បានផ្ញើឯកសារមួយ ដោយសួរទៅកាន់រដ្ឋាភិបាលជាច្រើននៅតំបន់អឺរ៉ុប អំពីអ្វីដែលប្លុកមួយនេះអាចរួមចំណែកដល់ការធានាដល់សន្តិសុខ សម្រាប់ប្រទេសអ៊ុយក្រេន។ 

ប៉ុន្តែអត្ថបទទាំងស្រុងដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា សហរដ្ឋអាមេរិកក៏កំពុងតែស្នើសុំអំពីអ្វីដែលអឺរ៉ុបត្រូវការពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីអាចចូលរួមចំណែកបាន។ 

រីឯធាតុផ្សំដ៏សំខាន់នោះនឹងត្រូវបានស្វាគមន៍ ដោយរដ្ឋាភិបាលជាច្រើនរបស់អឺរ៉ុបដោយបានបញ្ជាក់យ៉ាងច្បាស់ថា ប្លុកនេះអាចផ្តល់នូវការធានាដល់សន្តិសុខ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិកផងដែរ។

ទន្ទឹមគ្នានេះដែរ បណ្ដាប្រទេសជាច្រើនកំពុងតែចោទសួរអំពីសកម្មភាពអ្វីខ្លះដែលសហរដ្ឋអាមេរិក, សម្ពន្ធមិត្ត និងដៃគូ ត្រូវត្រៀមខ្លួនសម្រាប់ចាត់វិធានការ ប្រសិនបើរុស្ស៊ី វាយប្រហារមកលើកងកម្លាំងរក្សាសន្ដិភាពនៅលើទឹកដីរបស់អ៊ុយក្រែន។ 

រីឯមេដឹកនាំអឺរ៉ុបមួយចំនួនរួមមាន៖ ចក្រភពអង់គ្លេស និងអាល្លឺម៉ង់…ជាដើម នឹងជួបប្រជុំគ្នានៅរដ្ឋធានីប៉ារីសប្រទេសបារាំងសម្រាប់កិច្ចប្រជុំកំពូលបន្ទាន់ស្ដីពីប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ៕