2025-02-18 11:05
38

លោកបណ្ទិតសុខទូច ប្រធានរាជបណ្ទិតសភាកម្ពុជាត្រូវបានសមត្ថកិច្ច ហៅឲ្យផ្លុំជាតិអាល់កុល រហូតធ្វើឲ្យប៉ះពាល់ពាក្យសម្តីគ្នាទៀតផង។

យោងតាមសំណេរនៅលើបណ្តាញសង្គមហ្វេប៊ុកផ្លូវការរបស់លោកបណ្ទិតសុខទូច ដែលបានបង្ហោះនៅយប់ឈានចូលថ្ងៃទី១៨បានរៀបរាប់ថា ក្រោយពីចុះស្រាវជ្រាវអស់រយ:ពេល៣ថ្ងៃ ដើរឡើងភ្នំផង បើកឡានផង មកដល់ភ្នំពេញយប់ទៅហើយ ប៉ុន្តែរីករាយណាស់បានទៅដល់ទីដៅដែលគ្រោងទុក និងបានណាត់អ្នកប្រវត្តិសាស្រ្តប្រជុំថ្ងៃស្អែក បន្ទាប់មកក៏បានចូលហូបបាយ និងបានហូបបីយ៉ែមួយកំប៉ុងប៉ុណ្ណោះដើម្បីរំសាយការហត់នឿយ ហូបរួចបានបើកឡានជូនមន្រ្តីដែលទៅជាមួយទៅយកម៉ូតូនៅកន្លែងធ្វើការ ទើបចេញដំណើរមកផ្ទះនៅបាសិត នៅតាមផ្លូវមកផ្ទះបានជួបសមត្តកិច្ច អនុវត្តន៍ច្បាប់ត្រួតពិនិត្យជាតិអាល់កុល ពួកគាត់ឃាត់ឡាននិងអោយខ្ញុំផ្លុំវាស់កំរិតជាតិអាល់កុល ខ្ញុំបានចុះទៅសហការ តែខ្ញុំស្នើសុំហែកទុយោថ្មី ព្រោះខ្ញុំខ្លាចដដែលរបស់អ្នកចាស់ឆ្លងរោគ ផ្ទុយទៅវិញគេកំហកថាហែងស្អីបានមកបញ្ជាកងកម្លាំង ខ្ញុំកំពុងតែហត់នឿយផងលឺបែបនេះខ្ញុំទប់មិនជាប់ក៏ឆេវឆាវកើតជារឿង តែក្រោយមកខ្ញុំសហការផ្លុំចំនួន៣ដង តែមិនឃើញកំរិតជាតិអាល់កុល ដែលគេចង់បាន គេថាខ្ញុំផ្លុំមិនត្រឹមត្រូវ អោយខ្ញុំផ្លុំម្តងទៀត តែក្រោយនេះខ្ញុំលែងសហការ ខ្ញុំក៏បាននិយាយថាបើខ្ញុំខុសចង់ដាក់ខ្នោះខ្ញុំដាក់ទៅ កាយវិការច្រលោតព្រោះខ្ញុំខឹងណាស់ ហត់ណាស់ ខ្ញុំបានប្រាប់ថាខ្ញុំ សុខទូច ទើបមកពីព្រំដែនទេ តែគេចោទខ្ញុំថាស្រវឹងជោគជាំ ប្រហែលឃើញភ្នែកខ្ញុំក្រហម ថ្ងៃនេះខ្ញុំដើរផង ខ្ញុំបើកឡានដោយខ្លួនឯងជាង៦០០គីឡូម៉ែត និងមានបញ្ហាភ្នែកស្ងួត លុបមុខញីភ្នែកជាច្រើនដង ហត់នឿយជាប់មិនមានបានសំរាក។ 

មានប៉ូលីស ដៀលខ្ញុំធ្វើដល់បណ្ឌិតចារិកអីចឹង ខ្ញុំជាពលរដ្ឋម្នាក់បើខ្ញុំខុសខ្ញុំទទួលទោស បើខ្ញុំមិនបានទទួលទានដល់កំរិតដែលបង្កបញ្ហាផង តើអោយខ្ញុំផ្លុំរបៀបម៉េចទៀត? 

គេថតខ្ញុំបាន តែពេលខ្ញុំអោយគ្រួសារខ្ញុំថតវិញ គេមិនអោយថតទេ។ 

ខ្ញុំបានទុកឡាននៅទីនោះ រួចដើរមកផ្ទះ គ្រួសារខ្ញុំហៅកង់បីជិះបានបន្តិច ទើបដឹងថាផ្ទះខ្ញុំឆ្ងាយគេមិនដឹកទេ ក្រោយមកទើបមានកង់បីមួយទៀតព្រមដឹកមកផ្ទះព្រោះគេបានស្គាល់ខ្ញុំ មកដល់ផ្ទះគេសុំថតជាមួយខ្ញុំ។ 

ខ្ញុំថាមិនបង្ហោះទេ ប៉ុន្តែមកដល់ផ្ទះហើយដេកមិនលក់ ទើបរៀបរាប់ជាសាធារណ: បែបនេះ។

យ៉ាងណាមិញតាមរយៈសំណេររបស់លោកបណ្ទិត សុខ ទូច ឃើញថាមានប្រជាពលរដ្ឋជាច្រើនបានចេញមកបញ្ចេញមតិយោបល់ជាច្រើន អ្នកខ្លះបានលាតត្រដាងរឿងរ៉ាវរបស់ពួកគេ និងលើកឡើងពីភាពខ្វះសីលធម៌ពេលបំពេញការងារ អនុវត្តន៍ ច្បាប់របស់មន្ត្រីនគរបាលជាដើម៕