
កំពង់ស្ពឺ៖ រោងចក្រផលិតដំណាប់ស្វាយ ក្រុមហ៊ុន KRR Processing Food Co., Ltd. ត្រូវបានពិន័យអន្តរការណ៍ ឱ្យផ្តល់សំណង និងស្តារបរិស្ថានឡើងវិញ នៅស្ទឹងសែនជ័យ ដែលក្រុមហ៊ុនបានបង្ហូរសំណល់កខ្វក់រាវចូល នាំឱ្យបំពុលបរិស្ថាន។ នេះបើយោងតាមរបាយការណ៍របស់ ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។
របាយការណ៍បានបង្ហាញថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារអធិការកិច្ចអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកភ្នំស្រួច និងអាជ្ញាធរឃុំយាយម៉ៅពេជ្រនិលបានចុះត្រួតពិនិត្យករណីប្រជាពលរដ្ឋបានរាយការណ៍ថា៖ «រោងចក្រផលិតដំណាប់ស្វាយ របស់ ក្រុមហ៊ុន KRR Processing Food Co., Ltd. បានបង្ហូរសំណល់រាវចូលស្ទឹងសែនជ័យ ស្ថិតនៅភូមិទី៣ ឃុំយាម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ»។
ជាលទ្ធផលការចុះពិនិត្យ នៅក្រៅទីតាំងរោងចក្រឃើញមានសំណល់រាវ ពណ៌សល្អក់ និងមានក្លិនជូរផ្អូម ស្ថិតនៅក្នុងដងស្ទឹង ចាប់ពីចំណុច ក្រោយទីតាំងរោងចក្រ រហូតដល់ចំណុច ស្ពានសែនជ័យ (ចម្ងាយពីរោងចក្រប្រមាណ ៣០០ម៉ែត្រ)។ ក្រុមការងារបានយកសំណាកទឹកស្ទឹងសែនជ័យ ចំនួន ០៣ទីតាំង ស្ថិតក្នុងតំបន់នេះ មកធ្វើការវិភាគនៅមន្ទីរពិសោធន៍។
តំណាងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់កើតហេតុ បានឱ្យដឹងថា៖ «ជារ៉ើយៗតែងមានការបង្ហូរសំណល់រាវពីរោងចក្រស្វាយ ក្រុមហ៊ុន KRR Processing Food Co., Ltd. ចូលស្ទឹង បង្កឱ្យមានក្លិនស្អុយ និងទឹកប្រើប្រាស់ពុំកើត។ ពួកគាត់ស្នើសុំក្រសួង ជួយពិនិត្យ និងដោះស្រាយបញ្ហាផលប៉ះពាល់នេះ»។
អាជ្ញាធរមូលដ្ឋានក៏បានឱ្យដឹង កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ កន្លងទៅ មានបញ្ហាលេចហៀរសំណល់រាវពីរោងចក្រចូលស្ទឹង ហើយបានបង្កឱ្យមានផលប៉ះពាល់ដល់គុណភាពទឹក និងមានក្លិនស្អុយយ៉ាងខ្លាំង ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្តែបន្ទាប់ពីកើតមានបញ្ហាភ្លាម ខាងរោងចក្របានធ្វើការទប់ស្កាត់ និងលែងមានការហូរសំណល់ចេញបន្តទៀត។
ក្នុងរបាយការណ៍បញ្ជាក់ថា៖ នៅក្នុងទីតាំងរោងចក្រ ក្រុមហ៊ុនពុំទាន់មានរបាយការណ៍ EIA ទេ ដោយកំពុងដំណើរការរៀបចំ។ ចំពោះបរិមាណស្វាយស្រស់សម្រាប់ធ្វើការផលិតមាន ចំនួន ១០០ តោន/ថ្ងៃ។
នៅក្នុងការផលិតដំណាប់ស្វាយ គេប្រើប្រាស់ស្ករស ចំនួន ១៨ តោន/ថ្ងៃ ប្រើម្សៅទំពាំងបាយជូរ ចំនួន ០៣ តោន/ថ្ងៃ ប្រើម្សៅ Na2S2O5 (Sodium Metabisulfite) ចំនួន ៥០០ គក្រ/ថ្ងៃ និងប្រើម្សៅជូរ (អាស៊ីត) ចំនួន ៥០០ គក្រ/ថ្ងៃ ដោយសារធាតុទាំងនេះ គេប្រើសម្រាប់បន្ថែមរសជាតិស្វាយ និងរក្សាទុកបានយូរ។
សំណល់រាវពីផលិតកម្មមានចំនួន ៤០ម៉ែតគូប/ថ្ងៃ ហើយបានបង្ហូរចូលទៅក្នុងប្រព័ន្ធអាងប្រព្រឹត្តិកម្ម រួចចូលស្រះស្តុក ដោយពុំមានការបង្ហូរសំណល់ចេញក្រទេ។
ក្រុមការងារបានយកសំណាកសំណល់រាវសម្អាតរួច និងមានលក្ខណៈពណ៌ខ្មៅ មកវិភាគនៅមន្ទីរពិសោធន៍។
ប្រភពបានបន្ថែមទៀតថា នៅក្នុងប្រឡាយដី ស្ថិតនៅចំហៀងខាងកើត និងខាងក្រោយអគាររោងចក្រ ឃើញមានស្នាមទឹកសំណល់រាវចាស់ហូរចូលទៅក្នុងស្ទឹងសែនជ័យ ប៉ុន្តែតំណាងរោងចក្រ បានអះអាងថា «ជាស្នាមទឹកហូរចេញពីបន្ទប់ទឹកទេ។
នៅចំណុចនេះ ក្រុមការងារបានយកសំណាកទឹកមកវិភាគ ដោយទឹកមានលក្ខណៈពណ៌សស្រអាប់ និងមានក្លិនឆួល»។
តំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា៖ «ខាងមន្ទីរបានចុះត្រួតពិនិត្យ ក្នុង១ឆ្នាំម្តងដែរ ប៉ុន្តែបញ្ហាបង្ហូរសំណល់រាវចូលស្ទឹងនៅតែកើតមានដដែល។
រីឯ អាជ្ញាធរឃុំ មានចំនួនពីរឃុំ (ឃុំយាយម៉ៅពេជ្រនិល និងឃុំត្រែងត្រយឹង) បានទទួលរងផលប៉ះពាល់ពីការបញ្ចេញសំណល់រាវរបស់រោងចក្រ ស្នើរោងចក្រត្រូវចូលរួមសហការតាមការណែនាំរបស់ក្រុមការងារ»។
តាមសេចក្តីសន្និដ្ឋាន និងវិធានការអនុវត្តជារួម រោងចក្របានបញ្ចេញសំណល់រាវ បង្កឲ្យមានការបំពុលទឹកស្ទឹង និងក្លិនស្អុយ ដែលជាហេតុបង្កឲ្យមានប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងធនធានជលផលក្នុងស្ទឹង។ បញ្ហានេះ បណ្តាលមកពី៖ ទី១៖ ការបញ្ចេញសំណល់រាវចូលស្ទឹង ពុំបានធ្វើការសម្អាត និងអាងប្រព្រឹត្តិកម្មរបស់រោងចក្រពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសម្អាតឆ្លើយតបនឹងស្តង់ដារទេ ករណីនេះ គឺល្មើសនឹងមាត្រា ២៨៧ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
ទី២៖ ពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់រាវ។ បញ្ហានេះ គឺល្មើសនឹងមាត្រា ១៧៣ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងទី៣៖ ពុំទាន់មានរបាយការណ៍ EIA ទេ គឺល្មើសនឹងមាត្រា ៦៥៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
សកម្មភាពការប្រព្រឹត្តល្មើសទាំងនេះ ត្រូវអនុវត្តវិធានការពិន័យអន្តរការណ៍ជាប្រាក់ ទៅតាមច្បាប់កំណត់ (អនុលោមមាត្រា ៨២៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ)។
ផ្តល់សំណង និងការស្តារបរិស្ថានឡើងវិញ (អនុលោមមាត្រ៧២៣ និង មាត្រា ៧២៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ)។
តម្រូវឲ្យរោងចក្រធ្វើការកែសម្រួលអាងប្រព្រឹត្តិកម្មឡើងវិញ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសបរិស្ថាន និង ត្រូវរៀបចំឲ្យមានស្រះស្តុកបន្ថែមទៀត សម្រាប់ធ្វើការសំណល់រាវក្រោយការសម្អាតរួច និងដើម្បីជៀសវាងការបង្ហូរទឹកចូលទៅស្ទឹងបន្តទៀត៕
