
ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ០២ នាក់ ដែលបង្កើតគណនីតេឡេក្រាមក្លែងក្លាយដាក់ឈ្មោះបន្លំដូចChannel Telegram ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បោកបញ្ឆោតជនរងគ្រោះឱ្យដាក់លុយវិនិយោគក្នុងរយៈពេលខ្លីដោយទទួលបានប្រាក់ចំណេញច្រើន ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បើកការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ០២ នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
យោងតាមបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរជាតិ កាលពីថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងឈានដល់ការបង្រ្កាបករណីឆបោកក្រោមរូបភាពបោកបញ្ឆោតឱ្យជនរងគ្រោះដាក់ប្រាក់ ដើម្បីវិនិយោគដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី ដោយជនល្មើសបានបង្កើតគណនីតេឡេក្រាមក្លែងក្លាយដែលបានដាក់ឈ្មោះបន្លំដូចទៅនឹង Channel Telegram ផ្លូវការរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដើម្បីធ្វើអោយមានការជឿជាក់ និងដាក់ប្រាក់វិនិយោគ។
ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ (ស្រី០១នាក់) រួមមាន៖ ទី១- ឈ្មោះ ក.ស.ន ភេទស្រី មុខរបរ ធ្វើការនៅហាងកែសម្ភស្ស និងទី២- ឈ្មោះ ប.ត.ម ភេទប្រុស មុខរបរ សន្តិសុខចំណតរថយន្ត នៅផ្សារទំនើប។
នាយករដ្ឋប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថា៖ «តាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានរកឃើញថាជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះជាបន្តបន្ទាប់សរុបប្រហែលជាង ១៨ ម៉ឺនដុល្លាសហរដ្ឋអាមេរិក»។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគ តាមអនឡាញផ្សេងៗឱ្យបានហ្មត់ចត់ជាមុន ជៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
