
កំពង់ស្ពឺ៖ កម្លាំងជំនាញយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានប្រើបច្ចេកទេសធ្វើការកាត់បន្សាបគ្រាប់បែកគីមីទម្លាក់ពីលើយន្តហោះ ប្រភេទ MK82 ឬហៅថា B52 ដោយប្រើប្រាស់ម៉ាស៊ិនស្វ័យប្រវត្តិ បញ្ជាពីចម្ងាយបានសម្រេចដោយសុវត្ថិភាព។
លោក ហេង រតនា អគ្គនាយកអង្គភាព CMAC បានឱ្យដឹងថា៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ គ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ MK82 ទម្ងន់ជាង ២៣០ គីឡូក្រាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានហានិភ័យខ្ពស់ ត្រូវបានក្រុមបច្ចេកទេសគ្រាប់មិនទាន់ផ្ទុះ ធ្វើការកាត់បន្សាបដោយម៉ាស៊ិនស្វ័យប្រវត្តិ បញ្ជាពីចម្ងាយបានសម្រេចដោយសុវត្ថិភាព។
អគ្គនាយក CMAC បានបញ្ជាក់ថា៖ «សូមអរគុណប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានបានជួយសម្របសម្រួលជន្លៀសប្រជាជនទៅកន្លែងសុវត្ថិភាព ប្រយោជន៍ឱ្យកម្លាំងស៊ីម៉ាក់ អាចបញ្ចប់ភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ»។
សូមជម្រាបថា កងកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកភ្នំស្រួច បានសហការផ្ដល់ព័ត៌មានជូនជំនាញយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម អំពីគ្រាប់បែកទម្លាក់ពីលើយន្តហោះ ០១ គ្រាប់ ប្រភេទ MK82 ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានប្រទះឃើញកប់ក្នុងដីជម្រៅជាង ៥ម៉ែត្រ ខណៈពេលគ្រឿងចក្រអេស្កាវ៉ាទ័រកំពុងជីកកាយយកអាចម៍ដីលក់ បានប៉ះទង្គិច ប៉ុន្តែមានបញ្ហានោះទេ។
ជាការកត់សម្គាល់បានបញ្ជាក់ថា គ្រាប់បែក ប្រភេទ MK82 នេះ គឺកងទ័ពអាមេរិកាំង បានទម្លាក់ពីលើយន្តហោះ B52 នាសម័យសង្រ្គាមសហរដ្ឋអាមេរិក ជាមួយវៀតណាមខាងជើង នៅទីក្រុងភាគខាងត្បូង នៃប្រទេសវៀតណាម បច្ចុប្បន្នសាយហ្គន។ ក្នុងពេលនោះ សង្រ្គាមរវាងខ្មែរ និងខ្មែរ ដែលភាគីម្ខាងបានការគាំទ្រពីសម្ព័ន្ធមិត្តអាមេរិកកាំង (ខ្មែរលន់ណុល) ត្រូវបានសម្ព័ន្ធមិត្តដឹកគ្រាប់យកមកទម្លាក់ស្រោចទឹកដីខ្មែររាប់ពាន់តោនដោយសារតែបញ្ហាសង្រ្គាមហែកហួឬផ្ទៃក្នុង៕
