
បាត់ដំបង៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញអមដំណើរលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ស្ត្រីមានកូនតូច និងស្រ្តីមានផ្ទៃពោះចំនួន២០នាក់ នៅមណ្ឌលសុខភាព តាសាញ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីចូលរួមអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវអគ្គលេខាធិការ និងឯកឧត្តមប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺក្នុងមណ្ឌលសុខភាពចំនួន ៣នាក់។
ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បាននាំយកប្រសាសន៍សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យសុខភាពយ៉ាងតិច៤ដង តាមពេលវេលាកំណត់ដើម្បីទទួលបានការពិនិត្យថែទាំ ទទួលបានវ៉ាក់សាំងបង្ការជំងឺ ធ្វើតេស្តដោយស្ម័គ្រចិត្តរកមេរោគដើម្បីលុបបំបាត់ ការចម្លងមេរោគអេដស៍/ស្វាយពីម្តាយទៅកូន និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យទទួលបានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវ ចំណែកស្ត្រីមានកូនតូចគួរបំបៅកូនដោយទឹកដោះម្តាយ ដើម្បីឱ្យកូនមានសុខភាពល្អ មិនងាយឈឺនិងទទួលបានភាពកក់ក្តៅពីម្តាយ និងទារកមានអាយុ៦ខែឡើងត្រូវធ្វើបបរគ្រប់គ្រឿងដើម្បីឱ្យទារកមានសុខភាពល្អ និងសូមទៅទទួលវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ តាមការណែនាំរបស់លោកគ្រូពេទ្យ៕




