2025-02-20 20:08
20

(ត្បូងឃ្មុំ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យ ទំនប់បឹងសេកយំ និងទំនប់ប៉ើស២ និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករអាស្រ័យផល ក្នុងស្រុកក្រូចឆ្មារ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ 

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា បងប្អូនប្រជាកសិករ ដែលដាំដុះដំណាំស្រូវ អាស្រ័យផល ក្នុងទំនប់ បឹងសេកយំ និងទំនប់ប៉ើស២ នេះសូមបងប្អូនមានការប្រុងប្រយ័ត្នក្នុងរដូវប្រាំងនេះ ព្រោះអាចនិងមានបញ្ហាខ្វះខាតទឹកក្នុងការប្រើប្រាស់ លើដំណាំស្រូវ។ ហើយឥឡូវនេះយើងកំពុងតែធ្វើការស្តារ ទំនប់នេះបឹងនេះបន្ថែមដើម្បីមានភាពងាយស្រួលក្នុងការផ្ទុកទឹកសម្រាប់ប្រើប្រាស់ស្រោចស្របដំណាំ។

ឯកឧត្តម អភិបាលខេត្តបានគូសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋកសិករដែលអាស្រ័យផលបឹងខាងលើ បងប្អូនអាចអាស្រ័យផលនៅបឹងនេះបាន ប៉ុន្តែយើងនឹងទុកបឹងនេះជាសម្បត្តិរដ្ឋដើម្បីប្រើប្រាស់រួមគ្នា និងមិនតម្រូវឱ្យពុះប្លង់កម្មសិទ្ធសម្រាប់បុគ្គលណាម្នាក់ឡើយ ដោយដីផ្ទៃបឹងនេះគឺយើងនឹងធ្វើការស្តារបន្ថែមទៀតដើម្បីងាយស្រួលនៅរដូវរស្សា អាចផ្ទុកទឹកក្នុងបឹងសម្រាប់បងប្អូនក្នុងស្រុកក្រូចឆ្មារ ប្រើប្រាស់ដាំដុះដំណាំកសិកម្ម។

ឯកឧត្តម ប៉ែន កុសល្យ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រួតពិនិត្យ និងធ្វើការណែនាំដល់ប្រជាកសិករបងប្អូនពលរដ្ឋដែលអាស្រ័យផលកសិកម្មក្នុងរដូវប្រាំងនេះសូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ទឹកដើម្បីរក្សាបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងមិនមានការខាតបង់លើការដាំដុះក្នុងរដូវប្រាំងនេះ៕