
នាយកប្រតិបត្តិរបស់អាកាសយានដ្ឋានបាននិយាយថា អ្នកដំណើរ និងនាវិកទាំងអស់នៅលើជើងហោះហើរដែលបានធ្លាក់ និងក្រឡាប់ពេលចុះចតនៅអាកាសយានដ្ឋាន Toronto Pearson ក្នុងប្រទេសកាណាដាបានរួចជីវិតហើយ។
យោងតាមសេវាសង្គ្រោះបន្ទាន់ និងរូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្មេងម្នាក់ និងមនុស្សពេញវ័យពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងឧបទ្ទវហេតុនេះ។
ប្រភពដដែលបានបង្ហាញថា យន្តហោះបានធ្លាក់អំឡុងពេលដែលកំពុងហោះហើរដោយហាក់ដូចជាបានបាត់យ៉ាងហោចណាស់ស្លាបរបស់យន្តហោះមួយ។
អាកាសយានដ្ឋាន Toronto Pearson បាននិយាយថា ការធ្លាក់យន្តហោះនេះជាប់ពាក់ព័ន្ធនឹងជើងហោះហើរ Delta Air Lines ដែលមកដល់ពីទីក្រុង Minneapolis ហើយក្នុងចំណោមមនុស្ស 80 នាក់នៅលើយន្តហោះនោះមាន 76 នាក់ជាអ្នកដំណើរ និង 4 នាក់ជានាវិក។
យោងតាមក្រុមហ៊ុនអាកាសចរណ៍បានឲ្យដឹងថា ក្នុងចំណោមអ្នកដំណើរទាំងនោះមានអ្នកដំណើរសរុបចំនួន ១៨នាក់ ត្រូវបានដឹកទៅមន្ទីរពេទ្យ ។
តាមរបាយការណ៍បានបន្ថែមថា អ្នកជំងឺដែលមានរបួសធ្ងន់ធ្ងររួមមានកុមារ បុរសម្នាក់អាយុ 60 ឆ្នាំ និងស្ត្រីអាយុ 40 ឆ្នាំម្នាក់។
អាកាសយានដ្ឋានបានបិទភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុនេះ ប៉ុន្តែជើងហោះហើរចូលនិងចេញពីទីក្រុងតូរ៉ុនតូ ភៀសុន បានបន្តឡើងវិញនៅម៉ោង ១៧៖០០ ម៉ោងក្នុងស្រុក។
ចំណែកឯក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូននៃប្រទេសកាណាដា (TSB) បាននិយាយថា ពេលនេះពួកគេកំពុងដាក់ពង្រាយក្រុមដើម្បី "ប្រមូលព័ត៌មាន និងវាយតម្លៃចំពោះការកើតឡើងនេះ" ។ ផ្លូវរត់ពីរនឹងនៅតែបិទអស់រយៈពេលជាច្រើនថ្ងៃសម្រាប់ការស៊ើបអង្កេត។
គួរបញ្ជាក់ថា ទាក់ទិនជាមួយនឹងឧប្បទ្ទវហេតុធ្លាក់យន្តហោះខាងលើនេះ គឺនៅអំឡុងពេលដែលយន្តហោះរៀបនឹងចំចតនៅទីក្រុង តូរ៉ុនតូ រួចយន្តហោះក៏ធ្លាក់និងបានក្រឡាប់។
ក្នុងនោះក៏មានវីដេអូដែលបានបង្ហាញពីអ្នកដំណើរត្រូវបានជួយចេញពីទ្វារយន្តហោះដោយបុគ្គលិកអាកាសយានដ្ឋាន ដោយអ្នកខ្លះរត់ចេញពីច្រកចូលរបស់យន្តហោះ។
ហើយបន្ទាប់ពីឧប្បត្តិហេតុនេះបានកើតឡើង តារាងមកដល់និងចេញដំណើររបស់អាកាសយានដ្ឋានបានបង្ហាញពីការពន្យារពេល និងការលុបចោលជើងហោះហើរជាច្រើនផងដែរ។
អ្នកដំណើរមួយចំនួនបានប្រាប់ BBC ថា ពេលនេះពួកគេបានជាប់គាំងនៅទីក្រុង Toronto អស់រយៈពេលជាច្រើនថ្ងៃបន្ទាប់ពីជើងហោះហើររបស់ពួកគេត្រូវបានលុបចោល។

