
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូន ឯកឧត្តម ជីមី ផេនីតា (Jimmy Panetta) សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកថាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមិនអាចនាំចេញពីប្រទេសមួយទៅប្រទេសមួយទៀតបានទេ។
នៅក្នុងជំនួបពិភាក្សាកាងារនារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សម្តេចប្រធានរដ្ឋសភាបានបន្តថា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ត្រូវតែកើតចេញពីក្នុងប្រទេស ដោយស្របតាមបរិបទជាតិ ប្រវត្តិសាស្រ្ត តម្លៃសង្គម ប្រពៃណីវប្បធម៌ និងប្រព័ន្ធនយោបាយរបស់ប្រទេសនីមួយៗ។
ឆ្លៀតនាឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា រដ្ឋសភាកម្ពុជានីតិកាលទី៧ បានកើតចេញពីការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០២៣។
ជាការបោះឆ្នោតមួយមានលក្ខណៈប្រវត្តិសាស្រ្ត ដោយមានពលរដ្ឋម្ចាស់ឆ្នោតជាង៨៤%ចេញទៅបោះឆ្នោតហើយក្នុងចំណោមអ្នកបោះឆ្នោតចំនួន៨២%បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ នៅរដ្ឋសភាបច្ចុប្បន្នមានគណបក្សចំនួនពីរដែលមានអាសនៈក្នុងរដ្ឋសភា។
សម្តេច បានបន្ថែមថា រដ្ឋសភាកម្ពុជា ជាសភាមួយដែលមានយន្តការច្បាស់លាស់ក្នុងការលើកម្ពស់ និងការពារសិទ្ធិមនុស្សដោយមានគណៈកម្មការជំនាញមួយទទួលបន្ទុកវិស័យសិទ្ធិមនុស្សនេះតែម្តង គឺគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងនិងអង្កេតនិងអធិការកិច្ច។
ខណៈដែររដ្ឋសភាប្រទេសជាច្រើនបញ្ហាសិទ្ធិមនុស្សគឺជាមួយផ្នែកមួយរបស់គណៈកម្មការកិច្ចការបរទេសប៉ុណ្ណោះ៕

