2025-02-18 12:22
32

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល» ដោយមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួងស្ថាប័នទាំងពីរ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានជម្រាបជូនអង្គសិក្ខាសាលាថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលសូមធ្វើការគាំទ្រ និងសូមចូលរួមអនុវត្តយ៉ាងពេញលេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ធ្វើឱ្យស្ថាប័នរដ្ឋក្លាយទៅជាអង្គភាពរដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើនូវផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ តាមរយៈការដាក់ចេញនូវវិធានគន្លឹះចំនួន៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ 

ក្នុងរបាយការណ៍សង្ខេបនៃសមិទ្ធផលរបស់រដ្ឋលេខាធិការដ្ឋានសម្រេចបាននាពេលកន្លងមកឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីទទួលបន្ទុកបានបញ្ជាក់ថា ក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានខិតខំចូលរួមអនុវត្តវិធានការគន្លឹះទាំង៣ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួនរួមមាន៖ ការបង្កើតក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, ក្រុមការងារបច្ចេកទេសពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធ, ក្រុមការងារបច្ចេកទេសធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ឯកឧត្តមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរៀបចំរបាយការណ៍ស្តីពីការគ្រប់គ្រងមន្ត្រី និងរបាយការណ៍ស្តីពីការរៀបចំការប្រើប្រាស់ប្រព័ន្ធលើកទឹកចិត្តមន្ត្រីរាជការ និងបានផ្ញើជូនអគ្គលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈរួចរាល់និងបានធ្វើរបាយការណ៍វឌ្ឍនភាពស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយបានបំពេញទិន្នន័យចប់សព្វគ្រប់និងបានផ្ញើជូនក្រសួងមុខងារសាធារណៈរួចរាល់។ 

ទន្ទឹមនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាននឹងកំពុងរៀបចំអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅរបស់ការិយាល័យចំណុះនាយកដ្ឋានឱ្យស្របទៅនឹងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃរដ្ឋលេខាធិការ ដ្ឋានអាកាសចរណ៍ស៊ីវិល និងលទ្ធផលនៃការពិនិត្យឡើងវិញការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

សូមជម្រាបថា សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នាក្នុងក្របខណ្ឌការកែទម្រង់និងពង្រឹងអភិបាលកិច្ចដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ៕