2025-02-18 12:37
32

ក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់ការអប់រំឌីជីថលកម្ពុជា» និងផ្តោតលើការពិភាក្សា ការស្វែងរកប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាអប់រំ (EdTech) គាំទ្រការអប់រំប្រកបដោយសមធម៌ និរន្តរភាព និងសុវត្ថិភាព ការបង្កើតថ្មី និងការអភិវឌ្ឍជំនាញនៅកម្ពុជា។សន្និសីទនិងពិព័រណ៍នេះ មានរយះពេល២ថ្ងៃ គឺថ្ងៃទី ១៧និង១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សន្និសីទនិងពិព័រណ៍នេះ គឺជាយុទ្ធសាស្ត្រជំរុញការអប់រំឌីជីថល ដោយបានគ្របដណ្តប់គ្រប់សមាសភាពសំខាន់ៗនៅកម្រិតសាលារៀន ក្នុងនោះមានដូចជា៖ សាលារៀន មានបរិយាកាសអំណោយផលសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, គ្រូបង្រៀននិងអ្នកអប់រំមានតួនាទី ជាអ្នកលើកទឹកចិត្តនិងជាអ្នកដឹកនាំដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, នាយកសាលាជាអ្នកដឹកនាំមានចក្ខុវិស័យនិងជាអ្នកដោះស្រាយបញ្ហានៅកម្រិតសាលារៀន ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកម្មវិធីសិក្សាគាំទ្រដល់ការអប់រំឌីជីថល និងវិធីសាស្ត្របង្រៀនគាំទ្រដល់ការអប់រំឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រីបន្ដថា ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយគាំទ្រដល់អ្នកសិក្សាឱ្យសម្រេចបានគោលដៅនៃការអប់រំ ជួយដល់គ្រូបង្រៀនក្នុងការរៀបចំកិច្ចតែងការបង្រៀន និងធ្វើការវាយតម្លៃលើកិច្ចការសិស្សជាពិសេសទៅលើលទ្ធផលនៃការសិក្សា ដោយចំណាយពេលវេលាតិច។ 

AI ក៏ជួយដល់គ្រូបង្រៀនអាចស្វែងរកព័ត៌មាន ការសរសេរអត្ថបទ ការឆ្លើយសំណួរ ការបង្កើតសំណើរ ការបង្កើតមេរៀន សំណួរនិងចម្លើយពេលប្រឡង កិច្ចតែងការ វីដេអូបង្រៀន ផលិតរូបភាព ដើម្បីប្រើប្រាស់ក្នុងការបង្រៀននិងល្បែងសិក្សា៕