
ទីក្រុងមូនិច (Munich)៖ ស្របពេលក្រុមមេដឹកនាំអឺរ៉ុប កំពុងតែខឹងសម្បាយ៉ាងខ្លាំង ជុំវិញសេចក្ដីថ្លែងការណ៍របស់លោក ខេត ខែលឡក់ (Keith Kellogg) បេសកជនពិសេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) អះអាង អំពីប្លុកលោកសេរីមួយនេះ នឹងមានការពាក់ព័ន្ធនៅក្នុងកិច្ចចរចាសន្ដិភាព សម្រាប់អ៊ុយក្រែននោះ មេដឹកនាំរដ្ឋាភិបាលក្រុងកៀវ បានបង្ហាញសញ្ញាប្រឆាំងជំទាស់នឹងផែនការនេះ ជាមួយនឹងការលើកឡើងថា សហរដ្ឋអាមេរិកផ្ដោតយ៉ាងសំខាន់តែទៅលើផលប្រយោជន៍របស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានរបស់សហរដ្ឋអាមេរិក AP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា គាត់បានណែនាំដល់ក្រុមរដ្ឋមន្រ្ដីរបស់គាត់ មិនឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលបានស្នើឡើង ដើម្បីផ្តល់ឱ្យសហរដ្ឋអាមេរិក មានសិទ្ធិទទួលបានរ៉ែដីដ៏កម្ររបស់អ៊ុយក្រែន ដោយសារតែឯកសារនេះ ផ្តោតខ្លាំងតែទៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
សំណើនេះ ជាផ្នែកមួយដ៏សំខាន់ នៃកិច្ចពិភាក្សារបស់លោកប្រធានាធិបតី ហ្សឡែនស្គី ជាមួយនឹងលោក ជីដេ វ៉ាន់ស៍ (JD Vance) អនុប្រធានាធិបតីសហរដ្ឋអាមេរិកនៅខាងក្រៅសន្និសីទសន្ដិសុខមូនិច (Munich Security Conference) កាលពីថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ដោយមិនបានផ្ដល់នូវការធានាដល់សន្ដិសុខយ៉ាងពិសេសណាមួយ ជាថ្នូរត្រឡប់មកវិញ។ នេះបើតាមការអះអាងរបស់មន្រ្ដីអ៊ុយក្រែន មួយរូប ដែលដឹងអំពីការចរចានេះ។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន The Associated Press កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងមូនិច (Munich) ប្រទេសអាល្លឺម៉ង់ថា៖«ខ្ញុំមិនអនុញ្ញាតឱ្យក្រុមរដ្ឋមន្ត្រីរបស់ខ្ញុំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលពាក់ព័ន្ធនោះទេ ពីព្រោះបើតាមទស្សនៈរបស់ខ្ញុំ វាមិនទាន់រួចរាល់ សម្រាប់ការការពារយើង និង ផលប្រយោជន៍របស់យើង នោះឡើយ»។
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបច្ចុប្បន្ន និង អតីតមន្ត្រីអ៊ុយក្រែន បានអះអាង ដោយសុំមិនបង្ហាញអត្ដសញ្ញាណ ថា សំណើបែបនេះផ្តោតលើរបៀប ដែលសហរដ្ឋអាមេរិក អាចប្រើប្រាស់រ៉ែដីដ៏កម្ររបស់អ៊ុយក្រែន ជាសំណងសម្រាប់ការជួយគាំទ្រ ដែលបានផ្តល់ជំនួយ ដោយរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (JoeBiden) ជួយដល់រដ្ឋាភិបាលក្រុងកៀវ និងជាការទូទាត់ សម្រាប់ជំនួយ នាពេលអនាគតផងដែរ។
ប្រទេសអ៊ុយក្រែន ជាទីសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗយ៉ាងច្រើន ដែលអាចប្រើប្រាស់នៅក្នុងវិស័យអវកាស ការពារជាតិ និង នុយក្លេអ៊ែរ។
ប៉ុន្ដែរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញនូវការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិក ទៅលើធនធានរ៉ែទាំងនោះ ដើម្បីកាត់បន្ថយនូវការពឹងផ្អែកលើប្រទេសចិន។
ប៉ុន្តែលោកប្រធានាធិបតី ហ្សេឡែនស្គី បានសង្កត់ធ្ងន់ថា ការកេងប្រវ័ញ្ចណា នឹងត្រូវចងភ្ជាប់ទៅនឹងការធានាដល់សន្តិសុខ សម្រាប់អ៊ុយក្រែន ដែលនឹងរារាំងដល់ការឈ្លានពានរបស់រុស្ស៊ី នាពេលអនាគត។
លោកប្រធានាធិបតីអ៊ុយក្រែន រូបនេះ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AP ថា៖« សម្រាប់ខ្ញុំ មានសារៈសំខាន់ខ្លាំងណាស់ ការតភ្ជាប់រវាងប្រភេទធានាដល់សន្តិសុខ និង ប្រភេទវិនិយោគមួយចំនួន»។
បើទោះជាយ៉ាងណា លោកប្រធានាធិបតី ហ្សេឡែនស្គី មិនបានបញ្ជាក់លម្អិត អំពីមូលហេតុដែលគាត់បានណែនាំដល់ក្រុមមន្ត្រីរបស់គាត់ មិនឱ្យចុះហត្ថលេខាលើឯកសារ ដែលត្រូវបានផ្តល់ទៅឱ្យមន្ត្រីអ៊ុយក្រែន កាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈដោយរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កត់ បាសសែនត៍ (Scott Bassent) នៅក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីកៀវ (Kyiv) នោះឡើយ។
ដោយឡែក លោក ខេត ខែលឡក់ (Keith Kellogg) បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទទួលបន្ទុកអ៊ុយក្រែន បានអះអាង កាលពីថ្ងៃអាទិត្យ ទី ១៦ ខែកុម្ភៈ នៅក្នុងសន្និសីទសន្តិសុខទីក្រុងមូនិច ប្រទេសអាល្លឺម៉ង់ថា សហរដ្ឋអាមេរិក នឹងដើរតួជាអ្នកសម្រុះសម្រួល សម្រាប់កិច្ចចរចាសន្តិភាពអ៊ុយក្រែន ដោយមានក្រុងមូស្គូ និង ក្រុងកៀវ ជាអ្នកចូលរួមយ៉ាងសំខាន់។ នៅក្នុងមានន័យ បានបង្ហាញ ថា អឺរ៉ុបនឹងមិនពាក់ព័ន្ធនៅក្នុងកិច្ចចរចានេះឡើយ។
សេចក្តីថ្លែងការណ៍បែបនេះ បានធ្វើឱ្យមេដឹកនាំអឺរ៉ុបខឹងសម្បាយ៉ាងខ្លាំង ព្រោះប្លុកលោកសេរីមួយនេះបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការផ្ដល់ជំនួយយោធានិង ហិរញ្ញវត្ថុ ជួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងការធ្វើសង្គ្រាមទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។
ស្របគ្នានេះដែរ មេដឹកនាំអឺរ៉ុបមួយចំនួនបានសង្កត់ធ្ងន់ថា ប្លុកនេះ នឹងមិនទទួលយកចំពោះការដកអឺរ៉ុប ចេញពីកិច្ចពិភាក្សានេះបាននោះទេ។
សហរដ្ឋអាមេរិក និងរុស្ស៊ី ពិតជាមិនអាចពិភាក្សា អំពីអនាគតរបស់អ៊ុយក្រែន ឬ សន្តិសុខអឺរ៉ុប ដោយគ្មានជនជាតិអឺរ៉ុបនោះឡើយ។
