2026-04-06 12:36
2

សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងក្រុមអ្នកសម្របសម្រួលក្នុងតំបន់ កំពុងអង្គុយចុះពិភាក្សាគ្នាអំពីលក្ខខណ្ឌសម្រាប់បទឈប់បាញ់រយៈពេល 45ថ្ងៃ ដែលគេជឿថាវាអាចនាំឲ្យបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍នៅមជ្ឈិមបូព៌ាបាន។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Axios ដែលដកស្រង់ប្រភពចំនួនបួនរបស់សហរដ្ឋអាមេរិក អ៊ីស្រាអែល និងតំបន់ដែលដឹងពីកិច្ចពិភាក្សានេះ។

បទឈប់បាញ់ដែលដាក់លើតុចរចាលើកនេះ ត្រូវបានគេជឿថាវាជាឱកាសតែមួយគត់ដើម្បីទប់ស្កាត់ការផ្ទុះសង្គ្រាមលក្ខណៈទ្រង់ទ្រាយធំ ម្យ៉ាងវាដូចជាទឹកដែលស្រោចពន្លត់ភ្លើងកំពុងឆេះនៅមជ្ឈិមបូព៌ាផងដែរ។ យ៉ាងណាក៏ដោយ ចំពោះព័ត៌មានលម្អិត និងលទ្ធផលនៃកិច្ចពិភាក្សារវាងភាគីទាំងពីខាងលើ មិនទាន់មានរបាយការណ៍ណាមួយអាចធ្វើការផ្ទៀងផ្ទាត់បាននោះទេ។ នេះបើតាមការដកស្រង់ប្រភពពីសារព័ត៌មាន Reuter ។

គួរឲ្យដឹងថា លោក ត្រាំ តែងគម្រាមដាក់ឱសានវាទលើអ៊ីរ៉ង់ជាច្រើនដង ដើម្បីដាក់សម្ពាធប្រទេសនេះឲ្យព្រមឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិក និងបង្ខំឲ្យបើកច្រកសមុទ្រហ័រមូសឡើងវិញ។ 

រឿងដែលគ្រប់គ្នាដាក់ការងឿងឆ្ងល់នោះ កាលពីពេលថ្មីៗកន្លងទៅ ប្រធានាធិបតីអាមេរិក ទើបតែប្រកាសផ្ដល់ឱសានវាទឲ្យអ៊ីរ៉ង់ ៤៨ម៉ោង ប៉ុណ្ណោះដើម្បីឲ្យប្រទេសនេះចេះបន្ទន់ឥរិយាបថសូមចរចាជាមួយខ្លួន។ 

ប៉ុន្តែឱសានវាទ៤៨ម៉ោងចាស់មិនទាន់ទាំងផុតស្រួលបួលផង ស្រាប់តែនៅថ្ងៃទី៥ ខែមេសា ម្សិលមិញនេះ លោក ត្រាំ សម្រេចដាក់ឱសានវាទ៤៨ម៉ោងជាថ្មីដល់អ៊ីរ៉ង់ម្ដងទៀត។ 

ក្នុងការប្រកាសនេះ លោក ត្រាំ បង្ខំឲ្យអ៊ីរ៉ង់ត្រូវតែឈានដល់កិច្ចព្រមព្រៀងមួយជាមួយអាមេរិកដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ នៅម៉ោង ៨យប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដាច់ខាត (ម៉ោងនៅអាមេរិក)។ ឥឡូវនេះ អ៊ីរ៉ង់កំពុងប្រឈមនឹងជម្រើស២។ ទី១៖ បង្ខំចិត្តបើកច្រកសមុទ្រ ដើម្បីផ្គាប់ចិត្តមេដឹកនាំអាមេរិក។ 

ទី២៖ ត្រូវប្រឈមនឹងការគ្មានថាមពលប្រើប្រាស់ទូទាំងប្រទេស។ 

លោក ត្រាំ បន្ថែមទម្ងន់លើឱសានវាទខាងលើថា ប្រសិនជាមិនធ្វើតាមបញ្ជាអាមេរិក អ៊ីរ៉ង់នឹងត្រូវចំណាយពេល២០ឆ្នាំដើម្បីកសាងប្រទេសឡើងវិញ បើសិនជាប្រទេសនេះនៅមានសំណាងសេសសល់រចនាសម្ព័ន្ធខ្លះៗដើម្បីសាងសង់។ 

លោក ត្រាំ បន្តថា «ប្រសិនបើពួកគេមិនធ្វើអ្វីនៅយប់ថ្ងៃអង្គារទេ ពួកគេនឹងគ្មានរោងចក្រអគ្គិសនី ឬស្ពាននៅសេសសល់ឡើយ»។

នេះមិនមែនជារឿងថ្មី ឬក៏គូរឲ្យព្រឺសម្បុរអ្វីទេសម្រាប់អ៊ីរ៉ង់ ព្រោះវាមិនមែនជាលើកទី១ឯណាដែល លោក ត្រាំ តែងតែព្រមាន និងបង្ខំទីក្រុងតេអេរ៉ង់បែបនេះនោះ។ 

ស្ដាប់ការប្រកាសរបស់ ប្រធានាធិបតីអាមេរិកហើយទើសចិត្តពេក រុស្ស៊ីក៏បានលូកមាត់ចម្អកឲ្យ លោក ត្រាំ បន្តិចថា អាមេរិកគួរតែបោះបង់ចោល "ភាសាបែបឱសានវាទ" ចំពោះអ៊ីរ៉ង់ ហើយត្រឡប់ទៅតុចរចាដើម្បីបញ្ចប់ជម្លោះវិញបានផលជាង។ ស្រដៀងគ្នានេះ សូម្បីតែអ៊ីរ៉ង់ក៏យល់ឃើញដូចរុស្ស៊ីដែរ។ 

លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និង លោក Abbas Araghchi អ្នកនាំពាក្យអ៊ីរ៉ង់ ក៏បាននាំគ្នាអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ "ការវាយប្រហារខុសច្បាប់លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល" របស់អ៊ីរ៉ង់បន្តទៀតដូចជា រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ព្រោះកន្លែងនេះក៏មានបុគ្គលិករុស្ស៊ីកំពុងធ្វើការជាអ្នកបច្ចេកទេសនៅទីនោះដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ទីក្រុងមូស្គូបានចាប់ផ្តើមជម្លៀសកម្មកររុស្សី ១៩៨នាក់នៅរោងចក្រ Bushehr កាលពីថ្ងៃទី៤ ខែមេសា បន្ទាប់ពីគ្រាប់ផ្លោងអាមេរិក និងអ៊ីស្រាអែលបានទម្លាក់នៅជិតរោងចក្ររបស់អ៊ីរ៉ង់៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា