(ខេត្តកំពង់ឆ្នាំង)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងអំពី «ការអនុវត្តច្បាប់ ស្តីពីសុវត្ថិភាព ម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ ណែនាំមួយចំនួនពាក់ព័ន្ធនឹង ការផលិតស្រា ប្រកបដោយសុវត្ថិភាព។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំរបស់សាលាខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីស្ថាប័នអនុវត្តច្បាប់ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ ផលិតករ និងអាជីវករ ដែលកំពុងធ្វើធុរកិច្ចស្រាស ស្រាថ្នាំនៅក្នុងខេត្តប្រមាណ ២៨០នាក់។
សូមបញ្ជាក់ផងដែរថា ការរៀបចំសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងការលើកកម្ពស់ ចំណេះដឹងពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់នឹងស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ (PS1) និងដោយមានការដាក់ចេញផែនការ សកម្មភាព និងការចង្អុលបង្ហាញពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងការពង្រឹងសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារសិទ្ធិរបស់អ្នកប្រើប្រាស់។
ជាមួយគ្នានេះដែរ នៅតាមបណ្តា ខេត្តមួយចំនួនបានកើតឡើង នូវករណីពុលស្រាជាញឹកញាប់ ដែលបានបង្កឱ្យមានការប៉ះពាល់ដល់សុខភាព ហើយពេលខ្លះ រហូតដល់បាត់បង់ អាយុជីវិតប្រជាពលរដ្ឋថែមទៀតផង ដែលមូលហេតុចំបង បណ្តាមកពីប្រតិបត្តិករអាជីវកម្មម្ហូបអាហារ (ផលិតកែច្នៃស្រាស និងស្រាថ្នាំ) ពុំទាន់មានចំណេះដឹងគ្រប់គ្រាន់អំពីការផលិតស្រា គឺផលិតតាមការចេះដឹងតៗគ្នា ពុំមានបច្ចេកទេសត្រឹមត្រូវ។ លើសពីនេះទៅទៀត ផលិតករឬអាជីវករមួយចំនួន បានយកសារធាតុមេតាណុល មកលាយជាមួយស្រា ដែលធ្វើឱ្យប៉ះពាលសុខភាព និងឈានដល់ការបាត់បង់ អាយុជីវិត ក្នុងករណីហូបច្រើនលើសកម្រិត។
ឈរលើភាពចាំបាច់ ក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំរបស់លោកស្រី រដ្ឋមន្ត្រី អគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញនូវផែនការសកម្មភាពការងារ នៅចុងឆ្នាំ២០២៣នេះ ចុះផ្សព្វផ្សាយអំពីច្បាប់ និងការយល់ដឹងអំពីស្រា និងការផលិតស្រា និងទោសប្បញ្ញត្តិ ដែលចែងក្នុងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដល់ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ដែលបង្កឱ្យប៉ះពាល់សុខភាព និងអាយុជីវិតអ្នកប្រើប្រាស់។
គម្រោងរៀបចំសិក្ខាសាលា ដែលចាប់ផ្តើមនៅខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១២ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ និងបន្តរៀបចំនៅបណ្តាខេត្តគោលដៅ ចំនួន៨ខេត្តទៀត ដើម្បីធានាបាន នូវការកាត់បន្ថយការពុលស្រាស និងស្រាថ្នាំ ដែលការបាត់បង់អាយុជីវិត ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលធ្លាប់មានករណីពុលស្រា កើតមាននាពេលកន្លងមក៕