ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិទ័ពសៀម និងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេកនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ។
លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិទ័ពសៀម និងភូមិស្លក្រាម ប្រារព្ធធ្វើឡើងនៅវត្តសុវណ្ណារាម ក្នុងភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ។
ពិធីនេះក៏មានការចូលរួមពីលោកអាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីខេត្ត លោក ប៊ុន ស៊ីវ អភិបាលរងស្រុកស្វាយចេក អ្នកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាននិង ប្រជាពលរដ្ឋបានចូលរួមផងដែរ។
លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយាដី បានបញ្ជាក់ថា៖ ការចុះបញ្ជីដីធ្លីមាន២ប្រភេទ ១-ចុះបញ្ជីដាច់ដោយដុំ ដោយម្ចាស់ក្បាលដីត្រូវធ្វើសំណើស្នើសុំពីមន្ទីរដើម្បីធ្វើការវាស់វែង ធ្វើប្លង់កម្មសិទ្ធិ។ ២-ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ។
លោកបន្តថា មុនឈានដល់ការចេញប្លង់កម្មសិទ្ធិស្របច្បាប់បាន ត្រូវឆ្លងកាត់៥ដំណាក់កាល។ ក្នុងអាណត្តិថ្មី ក្រោមការដឹកនាំដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ចេញផែនការធ្វើយ៉ាងណាការចុះបញ្ជីដីធ្លីឱ្យបានចប់ត្រឹមឆ្នាំ២០២៧។
លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត បានលើកឡើងថា៖ កន្លងមក ខេត្តបន្ទាយមានជ័យជាខេត្តមួយដែលមានបញ្ហាវិវាទដីធ្លីជាច្រើនកើតមានឡើង។ បញ្ហាវិវាទទាំងនេះកើតឡើងដោយសារតែដីធ្លីទាំងអស់នេះមិនទាន់បានចុះបញ្ជី (មិនមានប័ណ្ណកម្មសិទ្ធិ) នៅឡើយ ។ ដោយឡែកបច្ចុប្បន្នបញ្ហាវិវាទដីធ្លី គឺមានការថយចុះជាច្រើន ពោលគឺដោយសារតែមានការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដូច្នេះការចុះបញ្ជីដីធ្លី គឺពិតជាមានសារៈសំខាន់ណាស់ដែលអាចកាត់បន្ថយនូវបញ្ហាទំនាស់ អាចធានាបាននូវសុវត្ថិភាពពីការ ក្លែងបន្លំពីសំណាក់ជនខិលខូចមួយចំនួន។ មិនតែប៉ុណ្ណោះ ក្រោយពីធ្វើការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ឋិនេះហើយ ម្ចាស់កម្មសិទ្ឋិអាចយកទៅប្រើប្រាស់ ឬដាក់បញ្ចាំនៅតាមធនាគារ និងតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាបានតាមសេចក្តីត្រូវការ។
លោក ប្រាក់ ប៉ូលី ក៏បានបញ្ជាក់ថា៖ ក្នុងពេលបិទផ្សាយរយៈពេល១៥ថ្ងៃ (ចាប់ថ្ងៃទី១៣ ដល់ ២៧ ខែកញ្ញា ឆ្នាំ២០២៣) សូមបងប្អូនពលរដ្ឋមកពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ឈ្មោះម្ចាស់ដី បើមានការខុសឈ្មោះត្រូវដាក់ពាក្យកែតម្រូវ ជាមួយមន្ត្រីសុរិយោដី ដើម្បីធ្វើការកែតម្រូវជូន។
សូមបញ្ជាក់ថា៖ ការបិទផ្សាយទិន្នន័យក្បាលដីនៅភូមិទ័ពសៀម និងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក មានសរុបចំនួន៤,០៣៥ក្បាលដី ក្នុងនោះភូមិស្ល
ក្រាមចំនួន១៣០៤ក្បាលដី និងភូមិទ័ពសៀមចំនួន២៧៣១ក្បាលដី៕