2023-09-14 08:09
278

(ភ្នំពេញ)៖     លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្ដចាត់មន្ដ្រីនគរបាលជំនាញ ចុះអប់រំ និងផ្សព្វផ្សាយពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ដល់សិស្សានុសិស្សនៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ។

ដោយអនុវត្តតាមការណែនាំនេះ នៅខណ្ឌដង្កោ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌ បានចាត់កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជេីងឯក បានចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន នៅសាលាបឋមសិក្សាជេីងឯក ស្ថិតនៅភូមិជេីងឯក សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានសិស្សានុសិស្សចូលរួម ចំនួន៥០នាក់ ស្រី៣០នាក់។

សម្រាប់នៅខណ្ឌកំបូលវិញ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌ បានដឹកនាំអធិការរងទទួលផែនគ្រឿងញៀន នាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទ ដេីម្បីចុះផ្សព្វផ្សាយផលប៉ះពាល់ នៃការសេពគ្រឿងញៀន ដែលមានការអញ្ជេីញចូលរួមពីលោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាអង្គស្តុក និងអនុវិទ្យាល័យឪលោក៕