(ភ្នំពេញ)៖ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ, លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការជំរុញនវានុវត្តន៍ និងចីរភាពក្នុងសកម្មភាពមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រព្រឹត្តិទៅចាប់ថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៣ សណ្ឋាគារសុខាភ្នំពេញ។
សិក្ខាសាលាថ្នាក់តំបន់នេះ បានរៀបចំឡើងដោយអាជ្ញាធរមីន និងទទួលការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលមានប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណៈរដ្ឋកូរ៉េ និង UNDP ជាដៃគូ ព្រមទាំងមានការចូលរួមពី ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតប្រចាំកម្ពុជា តំណាងស្ថាប័ននានា និងគណៈប្រតិភូកម្ពុជា និងប្រទេសក្នុងតំបន់រួមមានប្រទេសឡាវ ហ្វីលីពីន ថៃ និងវៀតណាម។
ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា វិបត្តិ និងជម្លោះក្នុងតំបន់និងពិភពលោកប៉ុន្មានឆ្នាំកន្លងនេះ បានជំរុញឱ្យមានការកើនឡើងនៃការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស និងកើនឡើងផ្ទៃដីមានមីន ព្រមទាំងបានបង្កើត ជាបញ្ហាប្រឈម និងហានិភ័យថ្មីៗជាបន្តបន្ទាប់ទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត ក៏ដូចជាជំរុញឱ្យរដ្ឋ និងតំបន់ចំនួន៦០ ទទួលរងគ្រោះដោយសារគ្រាន់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ។
ទោះបីជាមានការខិតខំប្រឹងប្រែងជាទ្រង់ទ្រាយអន្តរជាតិក្នុងហាមប្រាមការប្រើប្រាស់មីន គ្រាប់មីននៅតែត្រូវបានបន្តប្រើប្រាស់នៅក្នុងស្ថានភាពជម្លោះនានា។ អាស៊ី ត្រូវបានគេចាត់ចូលជាទ្វីបដែលរងគ្រោះខ្លាំងដោយសារគ្រាប់មីន ហើយប្រទេសមួយចំនួននៃតំបន់អាស៊ានរួមមាន៖ មីយ៉ានម៉ា ថៃ កម្ពុជា ឡាវ វៀតណាម និងហ្វីលីពីន ជាប្រទេសដែលរងគ្រោះខ្លាំងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា បញ្ហាមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែជាបញ្ហាប្រឈមសម្រាប់កម្ពុជា ប៉ុន្តែដោយសារកត្តាសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមនយោបាយ «ឈ្នះឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងការដាក់ចេញនូវទស្សនវិស័យដឹកនាំច្បាស់លាស់របស់រាជរដ្ឋាភិបាល កម្ពុជាអាចដោះស្រាយបាន និងឈានទៅសម្រេចគោលដៅរបស់ខ្លួន។
ទេសរដ្ឋមន្រ្តី លី ធុជ បានយកឱកាសនោះសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឆន្ទៈបន្តការពារសន្តិភាព និងស្ថិរភាពសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ដូចអ្វីថ្មីៗនេះក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសង្កត់ធ្ងន់ថា «សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ គឺជាមូលដ្ឋានសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងមនុស្ស ហើយប្រសិនបើគ្មានសន្តិភាពទេ សិទ្ធិ និងសេរីភាពរបស់មនុស្ស មិនអាចការពារបានឡើយ ហើយភាពរុងរឿង និងការអភិវឌ្ឍក៏មិនអាចកើតមានឡើងផងដែរ»។
ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ជាមួយនឹងសមិទ្ធផលសម្រេចបាន និងជំនាញរបស់កម្ពុជានឹងបន្តចូលរួមក្នុងការកសាងសមត្ថភាពតាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាល ទទួលទស្សនកិច្ចសិក្សា និងផ្តល់ព័ត៌មាននានាជាមួយស្ថាប័ននានាទាំងក្នុងនិងក្រៅតំបន់ ដើម្បីរួមគ្នាបញ្ចប់នូវសោកនាដកម្ម និងភាពឈឺចាប់ដែលបង្ករដោយគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះនៅកម្ពុជា នៅតំបន់ និងទូទាំងពិភពលោក៕