2023-09-14 09:10
353

(ពោធិ៍សាត់)៖   លោក ហៀម ឃួន អភិបាលខេត្តពោធិ៍សាត់ស្តីទី នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំអាគាររដ្ឋបាលសាលាខេត្ត បានជួបប្រជុំពិភាក្សាជាមួយលោកស្រី ផ្រមមង្គល វង្សបុនហ្វូ នាយិកាវិទ្យាស្ថាន អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈការងារខេត្តត្រាត នៃព្រះរាជាណាចក្រថៃ និងសហការី ដើម្បីកំណត់កម្មវិធីសិក្សា សម្រាប់តម្រូវការបណ្តុះបណ្តាល បង្កើនជំនាញ និងចំណេះដឹង ដល់កម្មករ និយោជិក ក្នុងខេត្តពោធិ៍សាត់។

លោក ហៀម ឃួន អភិបាលខេត្តស្តីទី បានជម្រាបជូនប្រតិភូថា ខេត្តពោធិ៍សាត់ មានសហគ្រាស គ្រឹះស្ថាន ចំនួន១០កន្លែង កម្មករនិយោជិតជាង៦ពាន់នាក់។ ដោយឡែកវិទ្យាស្ថានពហុបច្ចេកទេស គឺជាគ្រឹះស្ថានរដ្ឋ ស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការបង្កើតឱ្យមានវិទ្យាស្ថាននេះឡើង ក្នុងគោលបំណងផ្តល់ជំនាញជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្មេងកំព្រា ស្ត្រីម៉េម៉ាយ ជនមានពិការភាព យោធិនរំសាយ ជនជាតិដើមភាគតិច ជនងាយរងគ្រោះជាពិសេសយុវជនបោះបង់ការសិក្សា និងគ្មានការងារធ្វើ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្ត ក្រោមកិច្ចសហប្រតិបត្តិការ រវាងខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តត្រាត នៃព្រះរាជាណាចក្រថៃ បានបើកវគ្គបណ្តុះបណ្តាល បានចំនួន៤លើក មាន៦ជំនាញ មានសិក្ខាកាម ១៩០នាក់ ស្រី៣៣នាក់ រួមមានជំនាញផ្សារដែក ជុសជុលកុំព្យួទ័រ តបណ្តាញអគ្គិសនី ជុសជុលទូរសព្ទដៃ ជុសជុលម៉ាស៊ីនត្រជាក់ និងជុសជុលគ្រឿងយន្តកសិកម្មជាដើម។ ក្នុងនាមរដ្ឋបាលខេត្ត សូមស្នើឱ្យប្រតិភូ ដែលមានលោកស្រី ផ្រមមង្គល វង្សបុនហ្វូ នាយិកាវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈការងារខេត្តត្រាត នៃព្រះរាជាណាចក្រថៃ បន្តកិច្ចសហប្រតិបត្តិការចុះសិក្សាស្ទង់មតិទិន្នន័យ ដើម្បីកំណត់កម្មវិធីសិក្សា សម្រាប់តម្រូវការបណ្តុះបណ្តាលការងារ បង្កើនជំនាញ និងចំណេះដឹង ដល់កម្មករនិយោជិកនៅក្នុងខេត្ត ឱ្យស្របទៅនឹងពលកម្មទីផ្សារ ក្នុង និងក្រៅប្រទេស។

លោក ស្រី ផ្រមមង្គល វង្សបុនហ្វូ នាយិកាវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈការងារខេត្តត្រាត បានលើកឡើងថា ប្រតិភូដែលបានមកទស្សនកិច្ចនៅខេត្តពោធិ៍សាត់នាពេលនេះ ក្នុងគោលបំណងចុះសិក្សាស្ទង់មតិទិន្នន័យ អំពីការអភិវឌ្ឍន៍ជំនាញ ដើម្បីក្រុមការងារកំណត់កម្មវិធីសិក្សាបណ្តុះបណ្តាលបង្កើនជំនាញ និងចំណេះដឹង ដល់កម្មករ និងនិយោជិក ក្នុងខេត្តពោធិ៍សាត់។

លោកស្រីបានបញ្ជាក់ថា វិទ្យាស្ថានអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈខេត្តត្រាត បានសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ បានដំណើរបើកវគ្គបណ្តុះបណ្តាល ចំនួន៤លើក មាន៦ជំនាញ ប៉ុន្តែត្រូវបានអាកខានទៅវិញ ដោយសារវិបត្តិជំងឺកូវីដ១៩។ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការខេត្តទាំង២ ចាប់ផ្តើមឡើងវិញ ទៅលើការងារបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានជំនាញ និងចំណេះដឹងជាក់លាក់ច្បាស់លាស់។ ចំពោះការស្នើឡើងរបស់រដ្ឋបាលខេត្ត ពាក់ព័ន្ធទៅនឹងការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនោះ លោកស្រីទទួលយកហើយសូមឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ កំណត់ពេលវេលាដើម្បីរៀបចំផែនការ។

គោលដៅចំពោះមុខរបស់វិទ្យាស្ថាន ខេត្តត្រាត ធ្វើការបណ្តុះបណ្តាលសិស្ស និសិ្សត លោកគ្រូ អ្នកគ្រូ និងអ្នកអត់ការងារធ្វើ ទាំងនៅក្នុងវិទ្យាស្ថាន និងនៅជុំវិញខ្លួនយើង សំដៅធ្វើយ៉ាងណាឱ្យពួកគេមានជំនាញ និងចំណេះដឹងមួយពិតប្រាកដ ដើម្បីបង្កើនជីវភាព កាត់បន្ថយភាពក្រីក្រ គឺជាគោលបំណង របស់ភាគីខេត្តត្រាតនៃព្រះរាជាណាចក្រថៃ។ លោកស្រីអះអាងថា នៅចំពោះមុខ វិទ្យាស្ថានអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈការងារខេត្តត្រាត មិនត្រឹមតែបណ្តុះបណ្តាលសិស្ស និសិ្សតប៉ុណ្ណោះទេ សូម្បីតែអាជ្ញាធរ មន្ត្រីរាជការ និងប្រជាជន ក៏អាចរៀនជំនាញទាំងនោះ ប៉ុន្តែត្រូវធ្វើផែនការច្បាស់លាស់ជាមុន ដើម្បីស្នើទៅក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ សុំគោលការណ៍ជាមុនទើបដំណើរការ និងអនុវត្តតាមផែនការ និងដំណាក់កាលនៃឆ្នាំនីមួយៗ៕