ស្ទឹងត្រែង៖ កូនសត្វផ្សោតទើបកើតថ្មីមួយក្បាលស្ថិតនៅអន្លង់ផ្សោតត្បូងខ្លា ចំណុចកន្ទុយកោះជ្រឹម ក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានអាយុកាលប្រមាណជាង ២០ថ្ងៃតែប៉ុណ្ណោះ ក្រុមមន្ត្រីខណ្ឌជលផល បានហាមប្រាមមិនឱ្យអ្នកនេសាទចូលនេសាទនៅអន្លង់អភិរក្សសត្វផ្សោត ប្រជាសហគមន៍កោះជ្រីមឡើយ និងត្រូវនាំគ្នាបង្កើនការអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារសត្វផ្សោតរបស់យើងឲ្យគង់វង់។
លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលខេត្តស្ទឹងត្រែង បានបញ្ចាក់ថា «កូនផ្សោតទើបនឹងកើតថ្មីនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់យើងទាំងអស់គ្នាហើយប្រជាសហគមន៍នេសាទត្រូវសហការជាមួយមន្ត្រីឆ្នាំ និងអាជ្ញាធរមានសមត្ថកិច្ចបង្កើនការអភិរក្សឱ្យមានប្រសិទ្ធភាព»។
លោកបន្តថា «កិច្ចការងារនេះយើងត្រូវធ្វើល្បាតឱ្យបានញឹកញាប់ហាមការធ្វើនេសាទ នៅក្នុងតំបន់ស្នូល និងតំបន់រណប ព្រោះសត្វផ្សោតវាធ្វើការបំលាស់ទីទៅមកនៅខែវស្សាទឹកឡើងធំ ក្នុងរដូវបិទនេសាទនេះ ហើយប្រសិនបើប្រទះឃើញមានមងសន្ទូច ដាក់ក្នុងតំបន់ហាមឃាត់ទាំងនេះត្រូវប្រមូលយកមកបំផ្លាញចោល»។
ប្រធានសហគមន៍នេសាទកោះជ្រីម បានបញ្ជាក់ថា «ជារៀងរាល់ថ្ងៃប្រជាសហគមន៍ បានសហការជាមួយមន្ត្រីឆ្នាំចុះធ្វើល្បាតក្នុងមួយថ្ងៃ ០៣លើក ដើម្បីបង្កើនការការពារកូនសត្វផ្សោតដែលទើបកើតថ្មីនេះ»។ លោកបន្តថា «នៅក្នុងរដូវបិទនេសាទផងនិងមានការយល់ដឹងពីប្រជាអ្នកនេសាទផងមិនមានអ្នកទៅដាក់មង ចងសន្ទូចនៅក្នុងតំបន់ហាមឃាត់នោះទេ»។
មន្ត្រីអភិរក្សសត្វផ្សោត បានឱ្យដឹងថា «កូនផ្សោតកើតថ្មីនេះ ត្រូវបានប្រទះឃើញ នៅវេលាម៉ោង ១២ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនៅក្នុងក្រុមហ្វូងសត្វផ្សោតធំ ដែលមានចំនួនប្រមាណប្រាំបីក្បាល នៅចំណុចកន្ទុយកោះជ្រឹម ក្នុងអន្លង់ផ្សោតត្បូងខ្លា ក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងក្នុងពេលដែលមន្ត្រីក្រុម អង្គការ WWF បានបំពេញការងារចុះអង្កេតស្ថានភាពសត្វផ្សោតទន្លេមេគង្គ។
សូមបញ្ជាក់ថា កូនសត្វផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនសត្វផ្សោតទី៧ ដែលក្រុមផ្នែកអភិរក្សរបស់អង្គការ WWF បានធ្វើកំណត់ត្រា ចាប់ពីខែមករារហូតមកទល់ខែកញ្ញា នៅក្នុងឆ្នាំ២០២៣ នេះ៕