សៀមរាប៖ ពលរដ្ឋ ចំនូន ១០គ្រួសារ រស់ជាប់មជ្ឈមណ្ឌលបណ្តុះបណ្តាលសិប្បកម្មកម្ពុជា «សច្ចៈ» ស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប បានប្ដឹងម្ចាស់សិប្បកម្មនេះ ដោយចោទប្រកាន់ថា ប្រកបអាជីវកម្មបំពានលើលំនៅដ្ឋានរបស់ពួកគាត់អស់ជាច្រើនឆ្នាំកន្លងមកហើយ។
ក្រុមប្រជាពលរដ្ឋ បានដាក់ពាក្យស្នើសុំឲ្យអាជ្ញាធរសង្កាត់ស្វាយដង្គំ ជួយរកដំណោះស្រាយករណីម្ចាស់សិប្បកម្ម «សច្ចៈ» បានកាត់ថ្ម, ឈូសឈើ និងមានមែកឈើគ្របលើដំបីងផ្ទះរបស់ពលរដ្ឋជិតខាង។ ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា «ម្ចាស់សិប្បកម្ម សច្ចៈ ខាងលើបានរំលោភលើសិទ្ធិរបស់ពលរដ្ឋជាច្រើនឆ្នាំមកហើយតែពួកគាត់មិនប្តឹងទេ គ្រាន់តែស្នើឱ្យម្ចាស់សិប្បកម្ម សច្ចៈ ខាងលើធ្វើអ្វីឲ្យចេះគោរពច្បាប់ និងគោរពសិទ្ធិអ្នកដទៃផង»។
ពាក់ព័ន្ធនឹងករណីនេះដែរអាជ្ញាធរសង្កាត់ស្វាយដង្គំ បានឲ្យដឹងថា «ករណីបណ្ដឹងរបស់ពលរដ្ឋទាំង ១០គ្រួសារអាជ្ញាធរបានទទួលរួចហើយ និងបានណាត់ជួបភាគីទាំងសងខាង ដើម្បីជជែកតទល់គ្នារកដោះស្រាយនៅសាលាសង្កាត់ស្វាយដង្គំ»។
ពាក់ព័ន្ធនឹងករណីនេះ មិនទាន់អាចសុំការពន្យល់បានទេពីម្ចាស់សិប្បកម្ម «សច្ចៈ» ដែលរងបណ្ដឹងរបស់ពលរដ្ឋខាងលើ៕