2023-09-16 09:09
241

(សៀមរាប)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព ផ្តល់សារ និងក្រើនរំលឹកដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា សំដៅរួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមកនៅកម្រិតទាបបំផុត និងស្របតាមផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១-២០៣០។

កម្មវិធីនេះធ្វើឡើងនៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងតំណាងអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ៤៥០នាក់។

ថ្លែងក្នុងឱកាសនោះលោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីទិន្នន័យពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ និងមូលហេតុចម្បងនានា បណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ជម្រាបជូនអង្គពិធី ដើម្បីជាការពញ្ញាក់ស្មារតីឱ្យចូលរួមយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ពីគ្រប់មជ្ឈដ្ឋាន។

លោកក៏បានសំណូមពរដល់សមាជិក សមាជិកាអង្គពិធីទាំងមូល ជាពិសេស មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានវត្តមាននៅទីនេះ ធ្វើជាគំរូល្អលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរតាមម៉ូតូទៅកាន់ទីជិតឆ្ងាយ និងចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។

លោករដ្ឋមន្ត្រី ក៏បានប្រគល់មួកសុវត្ថិភាពចំនួន៥០០មួក ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួចបន្តដឹកនាំក្បួន ប្រមាណ ១០០ម៉ូតូ ដើម្បីជិះម៉ូតូពាក់មួកសុវត្ថិភាព ព្រមទាំងទស្សនាស្តង់សុវត្ថិភាពចរាចរណ៍៕