2023-09-28 11:09
422

ព្រៃវែង៖ រឿងថ្មីមិនធ្លាបជួប! ពេលថ្ងៃគ្រងស្បង់ចីវរធ្វើជាសង្ឃឱ្យប្រជាជនសំពះដល់បាតដី លុះដល់ពេលរាត្រីចេញលួចចេញគាស់ពេញភូមិ ដំបូងខ្ញុំគិតថាមិនចង់សរសេរអ្វីទេ ពីព្រោះរឿងមិនចំណេញអ្វីដល់សង្គម មានតែភាពអាប់ឱនប៉ុណ្ណោះ។ នេះជាសំណេររបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ដែលបង្ហោះលើបណ្តាញសង្គម នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។ 

លោកឧត្តមសេនីយ៍ទោស្នងការខេត្តព្រៃវែង បានសរសេរថា “យ៉ាងណាក៏គួរទម្លាយចេញខ្លះឱ្យគ្រប់គ្នាពិចារណា… អាយុ ១៣ ១៤ ១៥ សុទ្ធសឹងជាអនីតិជនដែលមិនអាចអនុវត្តទោសតាមច្បាប់បានទៀត អញ្ចឹងទេ តើបទល្មើសងាយណានឹងថមថយ? តាមទទួលព័ត៌មាន តែមិនទាន់ស្រាវជ្រាវ នៅមានសង្ឃរបៀបនេះខ្លះទៀតកំពុងគង់នៅតាមវត្តអារាមនានា ប៉ុន្តែនគរបាលនឹងមិនលើកលែងឡើយ”។ 

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានសរសេរបន្ថែមថ “ការងាររាល់ថ្ងៃ នគរបាលបាលទទួលបន្ទុកច្រើនមុខច្រើនម៉ាកណាស់ ដូចនេះបើពឹងផ្អែកតែលើនគរបាលមួយ សង្គមមួយនេះមិនងាយនឹងរកសេចក្តីសុខពេញលេញបានឡើយគ្រប់ៗគ្នាត្រូវតែចូលរួមប្រយុទ្ធប្រឆាំងគ្រប់ទំរង់នៃបទល្មើស។ នគរបាលព្រៃវែង នឹងខិតខំបន្ថែមលើបន្ថែម និងកាន់តែខ្លាំងលើខ្លាំងអស់ពីសមត្ថភាពមាន ប៉ុន្តែក៏មិនប្រាកដថា ជោគជ័យលើការប្រឆាំងបទល្មើសដែរ”។ 

លោកស្នងការខេត្តព្រៃវែង៖ ខ្ញុំតែងគិត និងស្រមៃថា “បើអ្នកមានលុយមានទ្រព្យរូបណាមកជួយវិនិយោគ ឬជួយបង្កើតមជ្ឈមណ្ឌលអប់រំកែប្រែអ្នកប្រើប្រាស់គ្រឿងញៀន ក៏ដូចជាក្មេងៗមិនគ្រប់អាយុទទួលទោសមុខច្បាប់ដូចករណីខាងលើ ខ្ញុំថារឿងល្អៗនឹងកើតមានសម្រាប់សង្គមវានឹងល្អជាងចាប់បញ្ជូនពួកគាត់ចូលពន្ធនាគារ”។ 

លោក ឈឿន ប៊ុនឆន បានសរសេរថា “មុនពេលខ្ញុំចាកចេញពីខេត្តព្រៃវែង ខ្ញុំពិតជាចង់ឃើញមជ្ឈមណ្ឌលបែបនេះកើតមានឡើងនៅខេត្តព្រៃវែងយើងណាស់ និងជាមជ្ឈមណ្ឌលបង្ហាត់បង្រៀនចំណេះជំនាញដ៏តឹងរឹងមួយផងដែរ”៕