
ភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “អាកាសយានដ្ឋានអន្តរជាតិតេជោ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ប្រមុខរដ្ឋស្តីទី បានបន្ថែមទៀតថា ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។
ជើងហោះហើរដំបូងគេ នឹងចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ខណៈក្រុមហ៊ុនអាកាសចរណ៍ Korean Air គឺជាជើងហោះហើរចុងក្រោយគេបង្អស់ ដែលហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។
លក្ខណៈសម្គាល់ដ៏សំខាន់មួយរបស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋានអាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ។
ក្នុងដំណាក់កាលទី១ ព្រលានយន្តហោះថ្មីនេះ មានសមត្ថភាពអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ក្នុងមួយឆ្នាំ និងដោះស្រាយទំនិញបាន ២៦,០០០ តោន។
វិស័យអាកាសចរណ៍ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង ការទូត និងគោលដៅផ្សេងៗរាប់មិនអស់។
អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា៕


