2025-09-09 10:31
25

បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យនឹករលឹកសាច់ញាតិដែលបានស្លាប់របស់ប្រជាជនខ្មែរ ដែលកំណត់តាមប្រតិទិនពុទ្ធសាសនា តាមដំណើរគោលចររបស់ព្រះចន្ទដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងប្រពៃណីរបស់ពលរដ្ឋកម្ពុជា។

ជាទម្លាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាជនខ្មែរតែងរៀបចំចង្ហាន់ទៅវត្តដើម្បីឧទ្ទិសបាយម្ហូបអាហារ ជូនដល់ដូនតាដែលបានចែកឋានទៅ ដែលជាសាច់ញាតិទាំង ៧សណ្ដាន មានទំនាក់ទំនងពីមុនមកនិងសមីខ្លួនដែលនៅរស់ ដើម្បីឧទ្ទិសអាហារទាំងនោះទៅដល់ព្រលឹងខ្មោចដូនតា រួមទាំងមានការរៀបចំបាយម្ហូបយកទៅប្រគេនព្រះសង្ឃ ដើម្បីសូត្រធម៌ជាកិច្ចចម្លងម្ហូបអាហារទាំងនោះទៅកាន់សាច់ញាតិ។

លើសពីនេះ ការបោះបាយបិណ្ឌក៏ជាជំនឿអរូបិយមួយផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដានសាច់សាលោហិតដែលបានចែកឋានទៅបរលោក។ ដោយនៅព្រលឹមម៉ោង ៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នាដើរទៅវត្ដអារ៉ាមនានានៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណីដែលធ្វើរួចជាស្រេចដាក់ក្នុងចាន ឬស្បោងដើម្បីទៅវត្ដ។

ដូច្នេះហេតុអ្វីបានជាពិធីបោះបាយបិណ្ឌ ធ្វើនៅចន្លោះម៉ោង៣ និងម៉ោង ៤ទៀបភ្លឺ ?

យោងតាមរឿងតំណាលថា ខ្មោចអ្នកទោស ឬពពួកប្រេត ស្ថិតក្នុងឋាននរក ជាន់ទី៨ មានទ្វារចេញ៤ ត្រូវបានតំណាងឱ្យយាមទី៤ នៃពេលវេលាទាបភ្លឺ ហើយត្រូវបានយាមកាមដោយសេនាខ្មោចក្បាលសេះនិងក្បាលគោ ជាអ្នកក្ដោបក្ដាប់នៃដួងព្រលឹងរបស់ពពួកប្រេត នៅអបាយភូមិនេះ។

ផ្សេងពីនេះ ពិធីបោះបាយបិណ្ឌ ធ្វើនៅចន្លោះម៉ោង៣ និងម៉ោង ៤ទៀបភ្លឺ ដោយសារពីម៉ោង៦ ទៅម៉ោង ៧ល្ងាច នៅតាមស្រុកស្រែចំការ ប្រជាពលរដ្ឋសម័យមុន ឆាប់ចូលសំរាកណាស់ ហើយជំនាន់មុន មិនមានភ្លើងអគ្គីសនីផងនោះ ក្រោយពីភាពនឿយហត់ក្នុងការរករបរចិញ្ចឹមជីវិតនាពេលព្រឹកថ្ងៃ ប្រជាជនខ្មែរអាចសំរាកបានគ្រប់គ្រាន់ គេងឆ្អែតពេញរយៈពេល ៨ម៉ោង ងើបមកពេញភ្នែក មានសុខមាលភាពល្អ ក្នុងការមកធ្វើពិធីបោះបាយបិណ្ឌនេះ។

គួរបញ្ជាក់ឲ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌ តែងប្រារព្ធឡើងនៅរៀងរាល់ខែភទ្របទ នៅថ្ងៃ១ រោច រហូតដល់វេលា ១៥ រោច ដែលគុណគូ ទៅតាមប្រតិទិន នៃចន្ទគតិ តាមជំនឿពីបុរាណ៕