2023-09-28 06:09
265

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ស្នាក់នៅជាមួយជនរងគ្រោះអស់ជាងមួយឆ្នាំ បែកគំនិតខ្ចីម៉ូតូជនរងគ្រោះថាទៅទិញទឹកដោះគោអោយចៅ តែបែរជាយកទៅចម្លងសោ ហើយឆ្លៀតពេលជនរងគ្រោះទុកម៉ូតូចោលមួយភ្លែត ក៏ធ្វើសកម្មភាពលួចយកទៅបាត់ លុះស្អែកឡើងត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទី នៅចំណុចកើតហេតុក្នុងបុរីLM ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឌី ចាន់ថន ភេទស្រី  អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់។

ចំណែកជនសង្ស័យឈ្មោះ ឡុង ឌីណា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងឃ្លាំង ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត មុខរបរ៖កម្មករសំណង់ (ឃាត់ខ្លួន)។សម្ភារបាត់បង់៖ម៉ូតូម៉ាកហុងដា សេ125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1JV-3987 ចំនួន០១គ្រឿង។វត្ថុតាងចាប់យក
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1JV-3987។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ដោយជនសង្ស័យបានរស់នៅជាមួយជនរងគ្រោះក្នុងរោងកម្មករដែលនៅក្នុងបុរីL.M អស់រយៈពេលជិតមួយឆ្នាំមកហើយ។លុះនៅថ្ងៃទី២៦-០៩-២០២៣ វេលាម៉ោង១៤ជាង ជនសង្ស័យក៏បានសុំខ្ចីម៉ូតូម៉ាកហុងដាសេ125ពណ៌ខ្មៅផ្លាកលេខភ្នំពេញ1JV-3987របស់ជនរងគ្រោះប្រាប់ថាទៅរកទិញទឹកដោះគោអោយចៅមួយភ្លែតពេលនោះជនរងគ្រោះក៏បានហុចសោរម៉ូតូអោយទៅជនសង្ស័យ បានមួយសន្ទុះក្រោយមកជនសង្ស័យក៏បានយកម៉ូតូនិងសោរ ប្រគល់មកអោយជនរងគ្រោះវិញ។បន្ទាប់មកម៉ោងប្រហែល១៦និង00នាទី ស្រាប់តែជនរងគ្រោះចេញពីក្នុងរោងដើរទៅកន្លែងម៉ូតូស្រាប់តែមិនឃើញ ក៏បានសួរកម្មករដែលរស់នៅក្នុងបុរីLMដូចគ្នាថាមានឃើញម៉ូតូរបស់គាត់ដែរឬទេ ពេលនោះគេបានប្រាប់ថាឃើញបុរសម្នាក់ឈ្មោះឌីណា បានជិះចេញទៅបាត់ហើយ។ ឮដូចនោះជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់សំណាញ់ដើម្បីអោយជួយស្រាវជ្រាវបន្ត។

រហូតដល់ថ្ងៃទី២៧-០៩-២០២៣ ទើបកម្លាំងប៉ុស្តិ៍កំពង់សំណាញ់ សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកកំពង់ត្រាច ខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាង  រួចយកមកសួរនាំនៅប៉ុស្តិ៍កំពង់សំណាញ់និងកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះយកទៅចម្លងកូនសោមួយទៀត រួចឆ្លៀតពេលជនរងគ្រោះទុកម៉ូតូប្រហែសក៏លួចយកតែម្តង ។បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕