(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ដ្រីរាជការក្រសួងជាលើកដំបូង គោរពទង់ជាតិ ដោយច្រៀងបទនគររាជ ដែលជាភ្លេងគោរពទង់ជាតិ ទាំង៣វគ្គ និងបទពង្សាវតាខ្មែរ ដោយផ្ទាល់មាត់។
ឯកឧត្តម ហេង សួរ តាមរយៈ Facebook បានលើកឡើងថា ការគោរពទង់ជាតិ គឺជាការគោរពនូវបាវចនាជាតិ គោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ គោរពនូវជំនឿ និងគោរពស្ថាប័នជាតិ ដែលរួមទាំងក្រសួងយើងផ្ទាល់ផងដែរ។ លើសពីនេះ ការគោរពទង់ជាតិ គឺជាឱកាសដែលមន្ត្រី ថ្នាក់ដឹកនាំអង្គភាព និងថ្នាក់ដឹកនាំក្រសួង អាចជួបមុខគ្នាដោយផ្ទាល់ អាចប្រាស្រ័យទំនាក់ទំនងគ្នា សួរសុខទុក្ខគ្នា ផ្លាស់ប្តូរយោបល់គ្នា ពន្យល់ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងបរិយាកាសធម្មតា មិនមែនជាការប្រជុំផ្លូវការ។
លោកបន្ថែមថា ការគោរពទង់ជាតិ ក៏ជាការបង្ហាញនូវការខិតខំគោរពវិន័យ លើកកម្ពស់មនសិការវិជ្ជាជីវៈ និងបង្កើនជំនឿទុកចិត្តរបស់មហាជនលើក្រមសីលធម៌ វិជ្ជាជីវៈ និងសមត្ថភាពរបស់មន្ត្រីយើង។ មន្រ្តីយើងត្រូវតែត្រៀមខ្លួនប្រកបដោយភាពទន់ភ្លន់ អត់ធ្មត់ ម៉ឺងម៉ាត់ ឈរលើវិជ្ជាជីវៈ និងភាពប៉ិនប្រសប់ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហានៅក្នុងវិស័យការងារ ដែលជាបញ្ហារស៊ើប និងងាយមានការយល់ច្រឡំ ជាពិសេសគឺងាយនឹងរងការបំភ្លៃ បំភ្លើស និងកាឡៃពីមជ្ឈដ្ឋានមួយចំនួន ដែលមិនចង់ឃើញភាពសុខដុមរមនានៅកន្លែងការងារ។
ខាងក្រោមនេះ ជាអ្វីដែលលោក ហេង សួរ បានគូសបញ្ជាក់៖
«ថ្ងៃនេះគឺជាលើកទី១ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីគោរពទង់ជាតិ ដោយច្រៀងបទនគររាជ ដែលជាភ្លេងគោរពទង់ជាតិ ទាំង៣វគ្គ និងបទពង្សាវតាខ្មែរ ដោយផ្ទាល់មាត់។ ក្រសួងបានកំណត់ និងណែនាំឱ្យគ្រប់អង្គភាពឱ្យពិនិត្យមើលទីតាំងតាមភាពជាក់ស្តែង រៀបកម្មវិធីគោរពទង់ជាតិចំនួន ២ដង ក្នុង១សប្តាហ៍ គឺរៀងរាល់ម៉ោង ៧ព្រឹកនៃថ្ងៃច័ន្ទ និងរៀងរាល់ម៉ោង ៥រសៀលនៃថ្ងៃសុក្រ។
ការគោរពទង់ជាតិ គឺជាការគោរពនូវបាវចនាជាតិ គោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ គោរពនូវជំនឿ និងគោរពស្ថាប័នជាតិ ដែលរួមទាំងក្រសួងយើងផ្ទាល់ផងដែរ។ ការគោរពទង់ជាតិ គឺជាឱកាសដែលមន្ត្រី ថ្នាក់ដឹកនាំអង្គភាព និងថ្នាក់ដឹកនាំក្រសួង អាចជួបមុខគ្នាដោយផ្ទាល់ អាចប្រាស្រ័យទំនាក់ទំនងគ្នា សួរសុខទុក្ខគ្នា ផ្លាស់ប្តូរយោបល់គ្នា ពន្យល់ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងបរិយាកាសធម្មតា មិនមែនជាការប្រជុំផ្លូវការ។
ការគោរពទង់ជាតិក៏ជាការបង្ហាញនូវការខិតខំគោរពវិន័យ លើកកម្ពស់មនសិការវិជ្ជាជីវៈ និងបង្កើនជំនឿទុកចិត្តរបស់មហាជនលើក្រមសីលធម៌ វិជ្ជាជីវៈ និងសមត្ថភាពរបស់មន្ត្រីយើង។ មន្ត្រីយើងត្រូវតែត្រៀមខ្លួនប្រកបដោយភាពទន់ភ្លន់ អត់ធ្មត់ ម៉ឺងម៉ាត់ ឈរលើវិជ្ជាជីវៈ និងភាពប៉ិនប្រសប់ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហានៅក្នុងវិស័យការងារ ដែលជាបញ្ហារស៊ើប និងងាយមានការយល់ច្រឡំ ជាពិសេសគឺងាយនឹងរងការបំភ្លៃ បំភ្លើស និងកាឡៃពីមជ្ឈដ្ឋានមួយចំនួន ដែលមិនចង់ឃើញភាពសុខដុមរមនានៅកន្លែងការងារ។
ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តថ្នាក់ដឹកនាំអង្គភាពទាំងអស់ ពន្យល់ដល់បងប្អូននៅក្រោមឱវាទឱ្យបានយល់ និងស្ម័គ្រចេញពីចិត្តក្នុងការចូលរួមកម្មវិធីគោរពទង់ជាតិនេះ។ ការគោរពទង់ជាតិ មិនមែនជាការវិលទៅរកវ័យកុមារភាព ឬសម័យអតីតកាលណាមួយទេ។ ការគោរពទង់ជាតិគឺជាឱកាស ដែលយើងផ្សារសាច់ផ្សារឈាម និងរួមគ្នាជាធ្លុងមួយ គ្រប់ឋានានុក្រមពីលើ ដល់ក្រោម គ្រប់អង្គភាព ក្នុងការបម្រើមហាជន ជាពិសេសបងប្អូនកម្មករនិយោជិត និងនិយោជក។
ទោះបីយ៉ាងណា សម្រាប់មន្ត្រីរាជការ ដែលមានផ្ទៃពោះលើសពី ៥ខែ ឬមន្ត្រីរាជការដែលមានកូនតូច ឬមានអ្នកនៅក្នុងបន្ទុកចាស់ជរាត្រូវមើលថែ គឺគាត់មិនចាំបាច់ចូលរួមកម្មវិធីគោរពទង់ជាតិនេះ ដោយប្រធានអង្គភាពអាចចេញលិខិតបញ្ជាក់ ឬអនុញ្ញាតច្បាប់ជូនគាត់ជាការស្រេច។ ការជូនកូនជាទីស្រឡាញ់របស់បងប្អូនទៅរៀនឱ្យបានទាន់ពេល និងសុវត្ថិភាពគឺសំខាន់ រីឯការមើលថែទាំឪពុកម្តាយ ដែលចាស់ជរា ជាពិសេស ពេលដែលអ្នកមានគុណគាត់មិនស្រួលខ្លួន គឺជាកតញ្ញុតាធម៌មួយដែលកូនចៅត្រូវបំពេញ។ ខ្មែរមានវប្បធម៌ ប្រពៃណី ជំនឿប្រតិបត្តិ និងគុណធម៌បែបខ្មែរ ដែលយើងក៏ត្រូវប្រកាន់យកក្នុងភាពជាក់ស្តែង។
សូមអរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាលោកពូ អ្នកមីង បងប្អូន ក្មួយៗ មន្ត្រីរាជការក្រសួងទាំងអស់ ដែលបានចូលរួមកម្មវិធីនាព្រឹកនេះ។ សូមសិរីសួស្តី កើតមានដល់មន្ត្រីគ្រប់រូប ក្នុងសប្តាហ៍នេះ»៕