2023-10-02 16:48
365

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានលើកទឹកចិត្ត និងជំរុញដល់កងកម្លាំងទាំង៣ អាជ្ញាធរឃុំ ត្រូវ​បង្កើនការខិតខំ​យកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងការបង្រ្កាបឱ្យបាននូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន។

 ការលើកឡើងនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីភ្ជុំបិណ្ឌ ត្រូវសំអាតអនាម័យបរិស្ថាន តុបតែងលម្អឱ្យបានសមរម្យ អាជ្ញាធរ ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។

 លោកបានថ្លែងអំណរគុណកងកម្លាំងទាំង៣ ដែលកន្លងមកប្រឹងប្រែងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់បាននូវការលួចឆក់ក្នុងមូលដ្ឋានបានល្អ បង្រ្កាបការជួញដូរគ្រឿងញៀន ជួយ​សម្រួល​ចរាចរណ៍តាមដងផ្លូវមិនឱ្យមានការកក់ស្ទះ។

 បន្ថែមពីលើនេះលោក ក៏បានជម្រុញ និងលើទឹកចិត្តបន្ថែមទៀត ដល់​អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវ​បង្កើនការខិតខំ​យកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីភ្ជុំបិណ្ឌ ត្រូវសំអាតអនាម័យបរិស្ថាន តុបតែងលម្អឱ្យបានសមរម្យ អាជ្ញាធរ ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ ត្រូវបន្តការចុះទៅមូលដ្ឋានដើម្បីដឹងពីសុខទុក្ខ និងរកដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។

 ជាចុងក្រោយលោកក៏បានឱ្យលោកមេឃុំបែងចែកវេនរបស់ក្រុមប្រឹក្សាឃុំ ក្នុងការប្រចាំការនៅវត្តតាមវេននីមួយៗរបស់ខ្លួន ដើម្បីក្តាប់បាននូវសភាពការសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីសុខសុបត្ថិភាព និងផាសុកភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។