ខេត្តក្រចេះ÷ ពលរដ្ឋមួយគ្រួសារស្ថិតនៅក្នុងភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របូរីខេត្តក្រចេះ បានអំពាវនាវស្វែងរកការអន្តរាគមន៍ដោះស្រាយបញ្ហាដីលំនៅដ្ឋាន ដែលពួកគាត់បានទិញពីអាជ្ញាធរឃុំរស់នៅរយៈពេល៨ឆ្នាំហើយក្រោយមកមានការចោទប្រកាន់ថាជាដីខុសច្បាប់ទៅវិញ។
លោកស្រី វន ស៊ីណា និងក្រុមគ្រួសារបានរៀបរាប់ឲ្យដឹងថា ដីរបស់លោកស្រីមានទំហំ២០គុណនឹង២៥ ម៉ែត្របានទិញពីលោក សាន ញ៉ាន អតីតមេឃុំចង្ក្រង់ និងលោក សយ ភាន់ មេភូមិកសាង តាំងពីឆ្នាំ២០១៦ ដោយមានការបញ្ជាក់ចុះហត្ថលេខានិងលិខិតត្រឹមត្រូវ។
ក្រោយមកចន្លោះឆ្នាំ២០១៩-២០២០ មានខាងសហគមន៍ បានចុះមកឲ្យពួកគាត់រុះរើផ្ទះចេញដោយអះអាងថាដីលំនៅឋានមួយនេះគឺជាប់ពាក់ព័ន្ធនិងដីរបស់សហគមន៍ ។
លោកស្រីបន្តរថា ក្រោយពីសហគមន៍បណ្ដេញឲ្យពួកគាត់ចេញពីលំនៅឋាននោះ លោកស្រីនិងក្រុមគ្រួសារក៏បានទំនាក់ទំនងទៅអាជ្ញាធរភូមិឃុំនៅមូលដ្ឋាននោះ រហូតទៅដល់អាជ្ញាធរស្រុកដើម្បីស្វែងរកដំណោះ ស្រាយ ពីព្រោះដីនេះខ្ញុំមិនបានទៅចាប់ឬក៏នៅស្ថិតក្នុងដីអាណាធិបតេយ្យនោះទេ គឺខ្ញុំបានទិញពីអាជ្ញាធរមូលដ្ឋានមានលិខិតស្នាមត្រឹមត្រូវ ហើយលិខិតនោះក៏កំពុងតែជាប់បំណុលនៅធនាគារនៅឡើយ។
ខណៈដែលខ្ញុំទៅសុំធ្វើការអន្តរាគមន៍លោកមេភូមិ ដែលបានលក់ឲ្យនោះពួកគាត់សន្យាថាចាំរកដំណោះស្រាយជួបថ្នាក់លើសិន ដល់ពេលទៅជួបខាងអាជ្ញាធរស្រុក ស្រុកក៏បានទម្លាក់ទៅឲ្យឃុំដោះស្រាយដើម្បីបញ្ចប់រឿងហ្នឹង។
លោកស្រីបញ្ជាក់ថាឥឡូវនេះផ្ទះខ្ញុំកំពុងតែទ្រុឌទ្រោមបាក់ស្រុតតម្រូវការចាំបាច់គឺត្រូវរុះរើ ហើយទិញដែកមកបម្រុងសាងសង់ដើម្បីបន្តការលក់ដូរដោយសារខ្ញុំចំណាយលុយអស់ជាង១ ម៉ឺនដុល្លារលុយខ្ចីពីធនាគារមកដើម្បីទិញឥវ៉ាន់ដាក់លក់ ប៉ុន្តែខាងសហគមន៍ក៏ដូចជាអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានមកឃាត់រារាំងមិនឲ្យធ្វើបណ្ដោះអាសន្ននៅលើដីនេះបន្តទៀតទេ ហើយបើសិនបើផ្ទះនេះបាក់ស្រុតទៅវារឹតតែមានការខាតបង់បន្តទៀត។
ចំណែកអ្នកភូមិនៅតំបន់នោះក៏បានលើកឡើងអះអាងស្រដៀងគ្នាថាដីនេះគឺក្រុមគ្រួសារមួយនេះពិតជាបានទិញពីលោកមេឃុំនិងមេភូមិពិតប្រាកដមែន ហើយប្រសិនបើដីសហគមន៍មានរហូតទៅដល់៣០ហិកតាសម្រាប់កាអភិវឌ្ឍន៍ ចុះដីគាត់បន្តិចបន្តួចនេះ ហេតុអីមិនមានដំណោះស្រាយឲ្យគ្នាផង ហើយណាមួយប្រសិនបើមិនមានដំណោះ ស្រាយសម្រាប់កាត់ឃ្វាលទេគួរតែរកដីតំបន់ណាមួយដើម្បីឲ្យគ្នាមានលទ្ធភាពអាចនៅហើយប្រកបការរកស៊ីលក់ដូរបានសម្រាប់ចិញ្ចឹមជីវិតនិងសង បំណុលធនាគារផងទៅ។
ពាក់ព័ន្ធករណីនេះ លោក សយ ភាន់ មេភូមិកសាង បានឱ្យដឹងថា កាលនោះដីនៅតំបន់នោះ នៅមិនទាន់កាត់ឱ្យសហគមន៍កាន់កាប់ទេ ហើយ ប្រជា ពលរដ្ឋដែលអត់មានដីក៍បានទាក់ទងទៅជាមួយនឹងមេឃុំដូច្នេះ មេឃុំគាត់ក៏លក់ឱ្យទៅ។
ក្រោយមកទៀតដូចជាឆ្នាំ២០១៩ទើបដីតំបន់នោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខាងសហគមន៍ អញ្ចឹងការគាត់ទិញនោះដីហ្នឹងអត់មានប៉ះពាល់អីទេបានជាមេឃុំឲ្យខាងសហគមន៍ហ្នឹងសិក្សាហើយបានលក់ឱ្យទៅគ្រួសារពលរដ្ឋហ្នឹង ។
លោកមេភូមិថាអ្វីដែលខ្ញុំគិតថាចង់ឲ្យគាត់នៅបណ្ដោះអាសន្នកន្លែងហ្នឹងទៅពីព្រោះដីហ្នឹងបើកាត់ឃ្វាលចំណីផ្លូវវាជិតអស់ ទៅហើយ ណាមួយទៀតប្រសិនបើគម្រោងឡាស្សិត៣ ធ្លាក់មកគឺគាត់អាច ចាប់ឆ្នោតយកដីសង្គមកិច្ចបាន ប៉ុន្តែមិនដឹងពេលណា ។
ដោយឡែកលោក សាន ញ៉ាន មេឃុំចាស់មិនអាចធ្វើការទំនាក់ទំនងសុំការបញ្ជាក់ពីបញ្ហានេះបាននៅឡើយទេ។
លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានឲ្យដឹងថាដីនេះ វាស្ថិតនៅក្នុងគម្រោងរបស់ឡាសិ្សត សម្រាប់សាង សង់អគាររបស់សហគមន៍ ហើយម្ចាស់គាត់ថាបានទិញពីអ្នកនេះអ្នកនោះ ប៉ុន្តែបើទោះបីទិញពីអ្នកណាក៏ដោយក៏វាអត់ស្របច្បាប់ដែរ ពីព្រោះដីនេះគេបានពុះឡូរទុកសម្រាប់សាងសង់អាគាររបស់សហគមន៍រួចហើយ។
លោកអធិបាលស្រុក បន្តរថាចំពោះកាអនុវត្តតួនាទីភារកិច្ច មិនច្បាស់លាស់ហ្នឹង បានវាចេះតែមានបញ្ហា ដោយសារអ្នកឆ្លៀតឪកាសមួយចំនួនគិតថា ដីសហគមន៍ហ្នឹងវា នៅទំនេរអញ្ចឹងទៅចេះតែនាំគ្នាឆ្លៀតគិតស្មានថាវាមិនអី មិនមានបញ្ហាអីដល់ពេលធ្វើទៅរឿង វាមានទៅស្ងាត់អីណា វានៅតែមានបន្តរកន្ទុយរហូតមកអញ្ចឹង។ណូរិទ្ធ (ក្រចេះ)