2023-10-18 09:44
447

(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឱ្យមន្ត្រីជំនាញដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព មានតម្លាភាព និងរហ័សទាត់ចិត្ត។ ការជំរុញបែបនេះ របស់លោកអភិបាលខេត្តបានធ្វើឡើងនៅក្នុង វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាលាស្រុកបារាយណ៍។

លោកស្រី សុខ ចន្ទធូ សមាជិក្រុមប្រឹក្សាខេត្តកំពង់ធំ បានលើកឡើងថា គោលបំណង នៃវេទិកាពិគ្រោះយោបល់នេះ គឺដើម្បីលើកកម្ពស់គណនេយ្យ តម្លាភាព និងការឆ្លើយតបជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួន ក្នុងដំណើរការ អភិបាលកិច្ច និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ក្នុងន័យដើម្បីធានាថា
ទី១៖ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានពិនិត្យ និងដោះស្រាយ និងឆ្លើយតប
ទី២៖ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបានចូលរួម ក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

លោកស្រីបានបន្ថែមទៀតថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកជាមួយរដ្ឋបាលខេត្តរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំសង្កាត់តំណាង សង្គមស៊ីវិល និងវិស័យឯកជនដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តកំពង់ធំ ប្រកបដោយចីរភាព និងប្រសិទ្ធភាព និងលើកឡើងនូវមតិយោបល់សំណើសំណូមពរ និងអនុសាសន៍នានាសម្រាប់ កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាននៃខេត្តកំពង់ធំនេះឱ្យបានផុលផុស ព្រោះយើងទាំងអស់គ្នាចង់បាននូវការផ្តល់សេវាសាធារណៈពីរដ្ឋបាលខេត្តរដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ សង្កាត់ ឱ្យបានកាន់តែល្អប្រសើរឡើង។

លោក ងួន រតនៈ បានលើកឡើងថា៖ «ពាក់ព័ន្ធនឹងដំណោះស្រាយដែលមន្ទីរជំនាញពាក់ព័ន្ធទាំងអស់បានចូលរួមដោះស្រាយ និងលើកទិសដៅសម្រាប់គម្រោងផែនការអភិវឌ្ឍន៍ឆ្នាំបន្តទៀត វាជាផែនការមួយសម្រាប់អង្គភាព មន្ទីរពាក់ព័ន្ធក្នុងការធ្វើ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺត្រូវស្វែងរកដំណោះស្រាយឱ្យបានច្បាស់លាស់ជូនដល់ប្រជាពលរដ្ឋ ពិសេសការចេញប្លង់កម្មសិទ្ធិជូនដល់ពួកគាត់ឱ្យបានត្រឹមត្រូវដូចអ្វីដែលគាត់បានលើកឡើងនៅពេលនេះ ហើយប្រសិនបើកិច្ចការនេះមន្ទីរជំនាញដោះស្រាយមិនបានទាន់ពេលវេលានោះទេនោះដំណោះស្រាយនេះគីគ្មានប្រសិទ្ធភាព។ ដូច្នេះហើយមន្ទីរជំនាញទាំងអស់ត្រូវតែពង្រឹងយន្តការក្នុងការដោះស្រាយ ដោយការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត»។

លោកអភិបាលខេត្ត ក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវតែពិនិត្យតាមដានរាល់បញ្ហាកង្វល់ផ្សេងៗនៅក្នុងតំបន់មូលដ្ឋានព្រមទាំងចូលរួមដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕