2023-10-18 09:48
506

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បាននាំយកស្រូវពូជចំនួន៣៤,២០០គីឡូក្រាម ជាជំនួយរបស់រាជរដ្ឋាភិបាល ទៅចែកផ្ដល់ជូនប្រកសិករគោលដៅ ៣៤២គ្រួសារ ដែលខូចខាតដំណាំស្រូវដោយទឹកជំនន់ក្នុងឆ្នាំ២០២៣នេះ ដើម្បីស្ដារឡើងវិញ ក្នុងឃុំបឹងព្រួល និងឃុំពាមជីលាំង ក្នុងស្រុកត្បូងឃ្មុំ។

ការប្រគល់ពូជស្រូវនេះធ្វើឡើងនៅបរិវេណវត្តពាមមង្គល ហៅវត្តពាម ស្ថិតនៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ប្រតិភូក្រសួងកសិកម្ម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អភិបាលរងខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាកសិករ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេលវេលាដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកអភិបាលខេត្តបានបញ្ជាក់ថា ជាក់ស្ដែង ការផ្ដល់ពូជស្រូវជូនប្រជាកសិករនាពេលនេះ គឺដោយការមើលឃើញពីទុក្ខលំបាករបស់ប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ដំណាំស្រូវរបស់កសិករ។

លោកបន្តថា ចំពោះគ្រួសារដែលត្រូវបានជ្រើសរើសដោយឆ្លងកាត់តាមការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងមានដំណោះស្រាយជាបន្ទាន់ សម្រាប់ផ្ដល់ជូនពូជស្រូវដល់គ្រួសារដែលមានដីស្រែអាទិភាពអាចស្ដារឡើងវិញបាន ដោយជំរុញការដាំដុះនេះឡើងវិញក្រោយទឹកស្រក ដែលនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។

ជាមួយគ្នានោះ លោក ជាម ច័ន្ទសោភ័ណ បានណែនាំដល់លោកប្រធានមន្ទីរកសិកម្មខេត្ត ក៏ដូចជាមន្ត្រីជំនាញរបស់មន្ទីរ ត្រូវផ្តល់ការប្រឹក្សាយោបល់ដល់ប្រជាកសិករ ដើម្បីណែនាំបច្ចេកទេស ផលិតកម្ម ស្ដារដំណាំស្រូវឡើងវិញ ជៀសវាងការខូចខាតជាថ្មីទៀត។

បើតាមរបាយការណ៍របស់លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ ដោយសារស្ថានភាពទឹកជំនន់ ប្រជាកសិករមួយចំនួនបានទទួលរងផលប៉ះពាល់ បណ្ដាលឲ្យខូចខាតដំណាំស្រូវក្នុងឃុំចំនួន២ ក្នុងនោះឃុំបឹងព្រួល និងឃុំពាមជីលាំង ស្មើ១៧ភូមិ មាន៣៤២គ្រួសារ មនុស្ស១,៦៣៨នាក់ ស្រី១,០៣១នាក់ លើផ្ទៃដី២០២ហិកតា។ក្នុងនោះ ឃុំពាមជីលាំងចំនួន៨ភូមិ ស្មើ២៤២គ្រួសារ លើផ្ទៃដី១៦១ហិតតា និងឃុំបឹងព្រួលចំនួន៩ភូមិ ស្មើ១០០គ្រួសារ លើផ្ទៃដី៤១ហិតតា ហើយផ្ទៃដីខូចខាតខាងលើនេះសុទ្ធតែអាចស្ដារឡើងវិញបាន៕