កំពង់ស្ពឺ៖ ទីប្រឹក្សាសមាគមអ្នកអភិរក្សធនធានធម្មជាតិ បរិស្ថាន និងការពារសិទ្ធពលរដ្ឋ នៅកម្ពុជា និងបក្ខពួក ០២នាក់ទៀត ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវ និងឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណី «ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ក្រៅព្រះរាជាណាចក្រកម្ពុជា»។
មុខសញ្ញាសង្ស័យ ចំនួន ០៣នាក់ ពាក់ព័ន្ធករណី «ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ក្រៅព្រះរាជាណាចក្រកម្ពុជា» ត្រូវចាប់ខ្លួនខាងលើ រួមមាន៖
ទី១- ឈ្មោះ វង់ សុខណាង ភេទប្រុស អាយុ ៤៣ឆ្នាំ ស្រុកកំណើតខេត្តត្បូងឃ្មុំ ជាអ្នកចេញ-ចូលក្រៅប្រទេសញឹកញាប់។
ទី២- ឈ្មោះ ប៉ែន សារឿន ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរ ទីប្រឹក្សាសមាគមអ្នកអភិរក្សធនធានធម្មជាតិ បរិស្ថាន និងការពារសិទ្ធពលរដ្ឋ នៅកម្ពុជា ស្រុកកំណើតខេត្តតាកែវ បច្ចុប្បន្នរស់នៅស្រុកឈូក ខេត្តកំពត។
ទី៣- ឈ្មោះ ខុន សុខុម ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
តាមរបាយការណ៍ប៉ូលិសបានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ទី១៤ ខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជូនមុខសញ្ញា ០៣នាក់ ស្រី ០១នាក់ ទៅសាលាដំបូងខេត្ដកំពង់ស្ពឺ ចំណាត់ការករណីនាំមនុស្សមិនស្របច្បាប់ចេញក្រៅព្រះរាជាណាចក្រកម្ពុជា។
ការបង្ក្រាបក្រុមនាំមនុស្សខុសច្បាប់ទៅក្រៅប្រទេស ធ្វើឡើងតាមការចង្អុលណែនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងជំនាញផែនការងារសន្តិសុខបានសហការជាមួយកំលាំងអធិការដ្ឋាន នគរបាលស្រុកសាមគ្គឺមុនីជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់
បច្ចុប្បន្ន មុខសញ្ញាខាងលេី ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ស្ពឺរួចរាល់៕