ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងរ៉ាវអាស្រូវ មន្ទីរពហុព្យាបាល «មេត្រូ អអ៉ិលវី» ដែលមានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដោយខុសទៅនឹងច្បាប់ស្តីពី «ការគ្រប់គ្រងលើបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស» ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចបិទ។
ការបិទមន្ទីរពហុព្យាបាល «មេត្រូ អអ៉ិលវី» បន្ទាប់ពីផ្ទុះរឿងអាស្រូវម្ចាស់មន្ទីរពេទ្យបញ្ជូនអ្នកជំងឺដើម្បីទៅដូរក្រលាននៅប្រទេសឥណ្ឌាដោយខុសច្បាប់ ហើយត្រូវបានអ្នកជំងឺទម្លាយលើបណ្តាញសង្គមស្វែងរកការជួយអន្តរាគមពីនាយករដ្ឋមន្ត្រីព្រោះទប់នឹងការចំណាយប្រចាំថ្ងៃ និងស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរទៅៗ។
ការចេញសេចក្តីសម្រេចបិទមន្ទីរពហុព្យាបាល «មេត្រូ អអ៉ិវី» នេះ បានធ្វើឡើងក្រោយប្រជាពលរដ្ឋខ្មែរ ដែលមានបញ្ហាតម្រង់នោម ដែលហៅទូទៅថាក្រលៀននោះ កំពុងផុងខ្លួនដេករង់ចាំសេវាដូរតម្រង់នោមនៅប្រទេសឥណ្ឌា អស់រយះពេល ៧ទៅ៨ខែមកហើយ តែមិនទទួលបានសេវានេះទេ ដោយសារលុយបង់សម្រាប់ការព្យាបាលនោះ ត្រូវតំណាងមន្ទីរពហុព្យាបាលមេត្រូប្រមូលរត់គេចខ្លួនបាត់។
យោងតាមគណនីហ្វេសប៊ុក «គា សុភ័ណ ប្តូរប្រាក់ទីដប់» បានសរសេរថា៖ សូមគោរពសម្តេចធិបតី ហ៊ុនម៉ាណែត ជួយពួកខ្ញុំផងពួកខ្ញុំជាអ្នកជំងឺដែរតម្រូវមកព្យាបាល នៅប្រទេសឥណ្ឌា បានចាញ់បោក ឈ្មោះ ង៉ែត សំអូន ជាអគ្គនាយកមន្ទីពេទ្យម៉តូ និងឈ្មោះ ទូចរិទ្ធីយ៉ា ជាអគ្គនាយករង មន្ទីពេទ្យមេត្រូ ដែលធានាក្នុងការព្យាបាលនៅប្រទេសឥណ្ឌា តែមកដល់ថ្ងៃនេះហើយ ពួកខ្ញុំនៅមិនទាន់ទទួលបានការព្យាបាលនោះទេ។ ចំពោះថរីការពួកខ្ញុំបានចំណាយរួចរាល់ក្នុងម្នាក់ៗទាបបំផុត ៥ម៉ឺនដុល្លារហើយពួកខ្ញុំម្នាក់ៗ បានស្នាក់នៅប្រទេសឥណ្ឌារយះពេលប្រាំពីរទៅប្រាំបីខែហើយ ស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរទៅៗ សព្វថ្ងៃនេះពួកខ្ញុំកំពុងមានការលំបាក និងចំណាយច្រើន នៅ ប្រទេសឥណ្ឌា។
ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានសរសេរបញ្ជាក់ថា «ពួកខ្ញុំជនរងគ្រោះមាន ចំនួន ០៤នាក់ ស្នើរសុំ ទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួយអន្តរគមន៍ ក្នុងរឿងនេះផង សូមសម្តេចធិបតីជួយដល់ពួកខ្ញុំផង ឥឡូវអស់ថវិកា និងអាចអស់ទាំងជីវិត មានតែសម្ដេចទេអាចជួយខ្ញុំបាន»។
ជនរងគ្រោះដែលរងគ្រោះបានបញ្ជាក់ថា៖ ពួកគាត់មានជំងឺខូចតម្រងនោម ហើយបានទាក់ទងរកសេវា ព្យាបាលជាមួយមន្ទីរពហុព្យាបាល «មេត្រូ អអ៉ិលវី» (Metro RLV Polyclinic) ដែលជាតំណាងរបស់មន្ទីរពេទ្យមេត្រូ របស់ប្រទេសឥណ្ឌា កាលពីខែមីនា ឆ្នាំ២០២៣ និងបានបង់ប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ អាមេរិក ឱ្យទៅលោក ង៉ែត សំអូន ជាអគ្គនាយកមន្ទីរពហុព្យាបាលមេត្រូ អអិលវី នៅក្នុងរាជធានីភ្នំពេញ។
អ្នកជំងឺរូបនេះ បានបន្តរៀបរាប់ថា បន្ទាប់ពីបានលុយហើយនោះ រូបលោកត្រូវបានបញ្ជូនទៅកាន់ប្រទេសឥណ្ឌា ដើម្បីទទួលសេវាព្យាបាល ប៉ុន្តែក្រោយពេលទៅដល់ប្រទេសឥណ្ឌាមិនទទួលបានសេវាដូរតម្រងនោមដូចអ្វីដែលមន្ទីរពហុព្យាបាលមេត្រូ បានសន្យានោះឡើយ គឺដេករង់ចាំសេវាដូរតម្រងនោមនៅប្រទេសឥណ្ឌាអស់រយៈពេល ៧ខែទៅ៨ខែមកហើយ។
ក្រោយបែកធ្លាយរឿងអាស្រូវខាងលើ ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរពហុព្យាបាលឯកជនឈ្មោះ «មេត្រូ អអិលវី» ដែលមានទីតាំងនៅផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុ មន្ទីរពហុព្យាបាលនេះ «បានប្រើប្រាស់សេវាពិគ្រោះបញ្ចូនអ្នកជំងឺទៅវះកាត់ ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និង សរីរាង្គមនុស្ស» ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ២៨៣/២២ អបស/មព ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាលផងដែរ៕