(កែប) ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា ពិធីព្រឹត្តិការណ៍បុណ្យសមុទ្រនិងអធិកអធមលើកទី១០ ជុំទី៣ នៅខេត្តកែប នឹងត្រូវប្រារពរៀបចំព្រឹត្តិការណ៍ធ្វើចាប់ពីថ្ងៃទី១ខែធ្នូរហូតដល់ថ្ងៃទី ៣ខែធ្នូឆ្នាំ២០២៣ខាងមុខនេះ នៅបរិវេណឆ្នេរ ២.៧០០ម៉ែត្រ ក្បែរតំបន់រមណីយដ្ឋានផ្សារក្តាម។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថាទោះពេលវេលារៀបចំមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែអភិបាលខេត្តកែបបានរំពឹងថា ពិធីព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំ២០២៣ខាងមុខនេះ គឺជាព្រឹត្តិការណ៍ជាតិដ៏ធំមួយ ដែលអ្វីថ្មី ប្លែកនិងធ្វើឱ្យមានការ ទាក់ទាញ និងអធឹកអធមល្អជាងឆ្នាំមុនៗ ដើម្បីស្វាគមន៍វត្តមាននាយករដ្ឋថ្មីអញ្ជើញមកកាន់ខេត្តកែបយើង។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ប្រាប់ភ្នាក់ងារព័ត៌មានយើងនាពេលថ្មីៗកន្លងទៅនេះ មកដល់ពេលនេះរដ្ឋបាលខេត្តកែបនិង ក្រសួងទេសចរណ៍ និងក្រុមការងារអន្តរក្រសួងកំពុងតែសិក្សាអំពីប្លង់មេ ក្នុងការកំណត់រៀបចំទីតាំងផ្សេងៗសម្រាប់អង្គព្រឹត្តិការណ៍ពីធីបុណ្យសមុទ្រ លើកទី ១០ ជុំទី ៣ នៅខេត្តកែបទាំងមូល បន្ទាប់ពីរាជរដ្ឋាភិបាល បានកំណត់យកនៅថ្ងៃទី១ ខែធ្នូរ ដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីប្រារពពិធី ព្រឹត្តិការណ៍បុណ្យសមុទ្រធ្វើនៅបរិវេណតំបន់ឆ្នេរ ២.៧០០ម៉ែត្រ នៅក្បែរផ្សារក្តាម។
ជាមួយគ្នានេះឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងទៀតថា ទីតាំងរៀបចំថ្មីក៏ជួបបញ្ហាព្រឈមថ្មីផងដែរ ប៉ុន្តែការជ្រើសរើសយកទីតាំងខាងលើ ដើម្បីបង្ហាញអំពីសមិទ្ធផល និងសក្តានុពលតំបន់ឆ្នេរដែលទើបពង្រីកថ្មីរបស់ខេត្តកែប ដែលពីមុនទេសចរ អាចទៅងូតទឹកកម្សាន្តតែនៅឆ្នេរស្រី ស ប្រវែងតែជាង ៣០០ម៉ែត្រប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ផ្អែកនៅលើបទពិសោធរបស់ក្រសួង និងការចូលរួមសហការគ្នារវាងអាជ្ញាធរខេត្ត និងក្រុងការងារអន្តរក្រសួងផងនោះ លោកសង្ឃឹមថា បុណ្យសមុទ្រឆ្នាំនេះ នឹងមានអ្វីថ្មី ប្លែក អធឹកអធម ហើយល្អប្រសើរជាងឆ្នាំមុនៗ ព្រោះវាជាព្រឹត្តិការណ៍ជាតិធំមួយ បន្ទាប់ពីរដ្ឋាភិបាលថ្មីត្រូវបានបង្កើត ក៏ដូចជាដើម្បីស្វាគមន៍វត្តមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកកាន់ខេត្តកែប។
ឯកឧត្តមអភិបាលខេត្តកែបបានសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋ និងអាជីវករ និងមន្ត្រី រួមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ព្រះសង្ឃគ្រប់វត្តអារាម គ្រូបង្រៀន និងសិស្ស និស្សិតនៅតាមសាលារៀនទាំងអស់ ត្រូវចូលរួមសម្អាត និងថែរក្សាអនាម័យ បរិស្ថាន តាមកន្លែងរបស់ខ្លួនឲ្យបានល្អប្រសើរចាប់ពីពេលនេះទៅ ពិសេសនៅតំបន់រៀបចំព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រខាងមុខតែម្តង។(សឹង រ៉ាត់)