(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ទៅថ្ងៃមុខរដ្ឋបាលរាជធានីភ្នំពេញក៏នឹងត្រូវមានទីចាត់ការ-អង្គភាពបរិវត្តកម្មឌីជីថលផងដែរ ដើម្បីឆ្លើយតប ទៅនឹងកំណើន និងប្រសិទ្ធភាពការងារតម្រូវការគ្រប់គ្រងទីក្រុង និងប្រជាជន ស្របតាមការវិវត្តនគរូបនីយកម្ម និង គោលការណ៍ទីក្រុងវៃឆ្លាត (Smart city)។
ការលើកឡើងបែបនេះរបស់លោក កើត ឆែ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបរិវត្តកម្ម ឌីជីថល ក្នុងវិស័យសាធារណៈនៅកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នាសាលារាជធានីភ្នំពេញ។
លោកបានឱ្យដឹងថា បច្ចេកវិទ្យាឌីជីថល គឺជាអាទិភាពគន្លឹះទី៥ របស់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល បន្ទាប់ពីមនុស្ស ផ្លូវ ទឹក និងភ្លើង។ បរិវត្តកម្មឌីជីថល គឺជាដំណើរការផ្លាស់ប្តូរ ឬបំលែងអ្វីមួយ ផ្សារភ្ជាប់ទៅនឹងដំណើរការរដ្ឋបាលសាធារណៈ និងផ្តល់ចំណេះដឹងដល់មន្ត្រីរាជការគ្រប់ផ្នែក គ្រប់ថ្នាក់ នៃរដ្ឋបាលរាជធានីភ្នំពេញ។
លោក កើត ឆែ បានថ្លែងថា ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ការកសាងរាជរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech, ហ្វីន តិច) និងការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល។
លោក កើត ឆែ បានបន្តថា វគ្គបណ្តុះបណ្តាលនេះសំដៅបង្កើននូវសមត្ថភាពជំនាញផ្នែកទន់របស់បុគ្គលិក-មន្ត្រីរាជការផង (ការអភិវឌ្ឍមូលធនមនុស្ស) និងប្រែក្លាយរដ្ឋបាលសាធារណៈ ទៅជាអង្គភាពដែលមានសមត្ថភាពខ្ពស់ខ្លាំង និងវៃឆ្លាត (ការពង្រឹងអភិបាលកិច្ចឌីជីថល) ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានវត្តលោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជាគ្រូបង្គោល ព្រមទាំងសហការី និងមានការចូលរួមពីលោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព អភិបាលរងខណ្ឌ តំណាងមន្ទីរ អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ស្មៀន ជំនួយការរដ្ឋបាល សមាជិក សមាជិកាទាំងអស់៕