2023-10-18 16:42
354

(កណ្តាល)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះពាក់ព័ន្ធ បានចុះពិនិត្យករណីជំនន់លិចទឹកភ្លៀងលើផ្លូវជាតិលេខ៣ នៅចំណុចគីឡូម៉ែត្រលេខ៣០ ព្រំប្រទល់ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងបានបញ្ជាគ្រឿងចក្រអេស្កា កាយបើកមុខលូបង្ហូរទឹកកាត់ទទឹងផ្លូវជាតិលេខ៣ បន្ថែម ១កន្លែងទៀត និងមុខលូបង្ហូរទឹកដែលមានស្រាប់ចំនួន ១កន្លែង សរុបចំនួន ២កន្លែង ដើម្បីបង្ហូរចូលទៅប្រឡាយអូរអាប ហូររំដោះទៅទន្លេបាទី។

ការចុះត្រួតពិនិត្យនេះមានការចូលរួមពីសំណាក់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន, អភិបាលស្រុកកណ្តាលស្ទឹង អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម, អភិបាលរងស្រុកគងពិសី តំណាងស្នងការនគរបាលខេត្ត និងក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត។

លោក ហាក់ សុខមករា បានឱ្យដឹងថា ក្រោយថាក្រោយក្រុមការងារបានប្រើគ្រឿងចក្រកាយមុខលូដើម្បីរំដោះទឹក ពេលនេះស្ថានភាពទឹកកំពុងបន្តស្រកចុះ។ ចំណុចទឹកជំនន់នេះស្ថិតនៅចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺ (ភូមិភានសារ ឃុំព្រះនិពាន ស្រុកគងពិសី) និងខេត្តកណ្តាល (ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង) នៅត្រង់ចំណុចគីឡូម៉ែត្រលេខ៣០ លើផ្លូវជាតិលេខ៣។
អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា មូលហេតុនៃការជន់លិចទឹកភ្លៀង ដោយសារមានភ្លៀងធ្លាក់មកពីខេត្តកំពង់ស្ពឺច្រើន។

ក្រុមការងារបានកាយមុខលូរំដោះទឹកកាត់ទទឹងផ្លូវជាតិលេខ៣ បង្ហូរចូលទៅតាមប្រឡាយអូរអាប និងកាយតាមបណ្តោយប្រឡាយអូរអាបបើកមុខទឹកឱ្យបានធំហូរបានលឿន ដើម្បីរំដោះជំនន់ទឹកភ្លៀងពីខេត្តកំពង់ស្ពឺឱ្យបានលឿន៕