2023-10-18 16:44
374

ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៨ ខែតុលា ឆ្នាំ២០២៣នេះថា ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ លោកបានណែនាំ និងបទបញ្ជាឱ្យនគរបាលការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយការិយាល័យចរាចរណ៍ និងកងកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ និងក្រុមចម្រុះខេត្ត កាលពីយប់មិញនេះ បានចុះល្បាតត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង។
 
ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញ បានអនុវត្តសកម្មភាពបទល្មើសចរាចរណ៍ផ្លូវគោក បានអប់រំមនុស្សធ្វើដំណើរក្នុងស្ថានភាពស្រវឹង (មានជាតិអាកុល) គ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ គ្មានខ្សែក្រវ៉ាត់ គ្មានផ្លាកលេខ កុំឱ្យប្រើប្រាស់ស៊ីម៉ាំងកែច្នៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស (តទ្រុង) និងអប់រំក្មេងៗដើរលេងពេលយប់មួយចំនួន។ 

ជាមួយគ្នានោះ លោកស្នងការខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕