2023-10-18 17:16
416

(ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដឹកនាំដោយលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លោកស្រី ឌិត នីតា អគ្គនាយិកាប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា (CAMMA) និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម CMA។

ក្នុងឱកាសនេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានជម្រាបជូនអំពីសាវតាសមាគម ស្ថានភាពវិស័យ បញ្ហាប្រឈម សំណូមពរ ព្រមទាំងសុំអនុសាន៍ ពីលោករដ្ឋមន្រ្តី បន្ថែមសម្រាប់ការអភិវឌ្ឍវិស័យ ក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា «អតិថិជនក៏ជោគជ័យ ស្ថាប័ន ធនាគារ និងមីក្រូហិរញ្ញវត្ថុក៏ជោគជ័យ សង្គមក៏ជោគជ័យ» នេះជាការចង់បានទាំងអស់គ្នា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើបានការចែករំលែកពីយុទ្ធសាស្រ្ត និងអាទិភាពរបស់ក្រសួងព័ត៌មាន ក្នុងការកែទម្រង់វិស័យព័ត៌មាន និងសោតទស្សន៍ ឲ្យដើរស្របតាមគោលដៅ នៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងដំណើរការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។

លោករដ្ឋមន្ដ្រី បានគាំទ្រដល់ដំណើរការងាររបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រោះមីក្រូហិរញ្ញវត្ថុបានដើរតូនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ បើសិនគ្មាន មីក្រូហិរញ្ញវត្ថុនោះទេ សហគ្រាសធន់តូច និងមធ្យម SME ក៏ពិបាកនឹងដំណើរការទៅមុខផងដែរ។ ជាមួយនេះ ក្រសួងព័ត៌មាន ក៏បានចាប់យកវិស័យឯកជន ជាដៃគូរដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស។

លោក នេត្រ ភក្ដ្រា បានលើកឡើងពីសារៈសំខាន់ នៃវិស័យមីក្រូហិរញ្ញវត្ថុ និងបានលើកទឹកចិត្តឲ្យវិស័យនេះ បន្តកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និតជាមួយវិស័យផ្សេងៗទៀត ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ពិសេសត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំលាយ លឿនរហ័ស នូវរាល់សកម្មភាព និងលទ្ធផលការងាររបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចអនុវត្តន៍ និងទិសដៅបន្តទៅមុខទៀត៕